ខេត្តកណ្ដាល ៖កាលរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បាននាំយកនូវអំណោយ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន៤០៤ គ្រួសារដែលមកពីស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល ។
មានប្រសាសន៍នាកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលបានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុវត្ថិភាពខ្លួនឯង និងសមាជិកគ្រួសារនៅក្នុងបន្ទុកកុំឱ្យាមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ជាពិសេសបង្កឡើងដោយការធ្វេសប្រហែល ចំពោះកុមារតូចៗ លេងទឹកឡើយ ដែលអាចបណ្ដាលឱ្យបាត់បង់សមាជិកក្នុងគ្រួសារដោយ ការលង់ទឹក ឬសត្វអាសិរពិសខាំជាដើម។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវការរស់នៅ ប្រកបដោយអនាម័យ ជាពិសេសការហូបទឹកស្អាត ឬផឹកទឹកដាំពុះដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ។
សូមបញ្ជាក់ផងដែរថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្ដាលធ្វើឱ្យស្ទឹងព្រែកត្នោត និងតំបន់មួយចំនួនមានការជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងនោះសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ប្រជាពលរដ្ឋចំនួន ១១០គ្រួសារបានរងការជន់លិចដោយជំនន់ទឹកភ្លៀង និងបានរកទីទួលសុវត្ថិភាពរួចហើយ និង៨៨ គ្រួសារទៀតទទួលរងនូវផលប៉ះពាល់។ ដោយឡែកឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួន ២៩៤ គ្រួសារ ហើយគ្រួសារមកទីទួលសុវត្ថិភាពមានចំនួន ៣៧ គ្រួសារ។
អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះនាពេលនេះមាន៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស តង់ចំនួន០១ និងថវិកា មួយចំនួនសម្រាប់គ្រួសារដែលរងគ្រោះចំនួន ៤០៤គ្រួសារនេះផងដែរ៕