ព្រះសង្ឃ ជាព្រះចៅអធិកាកំពង់ចាម៖ អនុគុណស្រុកព្រៃឈរ បានបញ្ចប់មុខដំណែង និងបណ្ដេញព្រះសង្ឃ ឈុន ណន ចេញពីវត្ដប្រាសាទ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្ដកំពង់ចាម
បើតាមសម្ដីប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលជាចំណុះជើងវត្ដ បានលើកឡើងថា ពួកគាត់ពិតជាមានការសោកស្ដោយ ជាពន់ពេក ចំពោះការសម្រេចបញ្ចប់មុខដំណែងព្រះសង្ឃ ឈុន ណន និងបានបណ្ដេញលោក ឱ្យចាកចេញពីវត្ដ ទាំងដែលលោក បានខិតខំកសាង នូវសម្មិទ្ធផលជាច្រើន ក្នុងវត្ដប្រាសាទ នៅអំឡុងពេលដែលលោក បាននិមន្ដមកកាន់ជាព្រះចៅអធិការស្ដីទី ប្រមាណជាង ៧ខែ។
ប្រជាពលរដ្ឋបានបន្ដទៀតថា បញ្ហាដ៏ជម្រុូងជម្រះនេះ កើតមានឡើង ដោយការខ្វែងគំនិតគ្នា និងមានការប្រកាន់បក្ខពួកនិយម ដោយលោកអាចា្ចរ្យ លឹម ហ៊ី ដែលជាគណៈកម្មាការអាចារ្យវត្ដ មានគំនិតប្រឆាំងនិងការកសាង របងវត្ដ និងការចំណាយផ្សេងៗ ដែលព្រះចៅអធិការស្ដីទី បានផ្ដួចផ្ដើមគំនិត។
ប្រជាពលរដ្ឋម្នាក់បានប្រាប់ទៀតថា លោកអាចារ្យ លឹម ហ៊ី កន្លងមកតែងតែមានគំនិតបក្ខពួកនិយម ប្រកាន់យកតែព្រះសង្ឃអង្គណា ដែលត្រូវរ៉ូវ ជាមួយខ្លួនតែប៉ុណ្ណោះ ហើយបើព្រះសង្ឃអង្គណា មិនធ្វើតាមការណែនាំ ឬ ខ្វែងគំនិតនោះ លោអាចារ្យ លឹម ហ៊ី និងស្នើទៅអនុគុណស្រុកព្រៃឈរ ដក ឬ បណ្ដេញចេញពីវត្ដតែម្ដង ហើយកន្លងមកធ្លាប់បានបណ្ដាញព្រះសង្ឃ ០១អង្គ រួចទៅហើយ។
រយៈពេលបីខែ កន្លងមក បន្ទាប់ពីអនុគុណស្រុកព្រៃឈរ បានបញ្ចប់មុខដំណែង ព្រះសង្ឍ ឈុន ណន និងបានសម្រេចឱ្យលោក ចាកចេញ និងឱ្យលោកទៅគង់នៅវត្ដផ្សេងនោះ ពុទ្ធបរិស័ទចំណុះជើងវត្ដប្រមាណជាង ១៥០គ្រួសារ មានការតវ៉ា និងស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអនុគុណស្រុកព្រៃឈរ ដើម្បីឱ្យព្រះសង្ឃ ឈុន ណន បន្ដនូវកាន់ដំណែងជាព្រះចៅអធិការស្ដីទីបន្ដ និងឱ្យលោកបន្ដការសាងសង់ និងអភិវឌ្ឍក្នុងវត្ដប្រាសាទជាបន្ដទៅទៀត។ ក៏ប៉ុន្ដែអស់រយៈពេលជាង ០៣ខែទៅហើយ រាប់ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤មក ពុំមានកិច្ចដោះស្រាយណាមួយនោះទេ បច្ចុប្បន្ន ព្រះសង្ឍ ឈុន ណន គឺគង់តែក្រោមដើមឈើ ក្បែរវត្ដប្រាសាទ។ ម្យ៉ាងវិញទៀត គណៈកម្មាការអាចារ្យវត្ដ ដែលមានលោកអាចារ្យ លឹម ហ៊ី ជាអ្នកមើលការខុសត្រូវ បានដាក់បំរាមហាមផ្ដាច់មិនឱ្យ ព្រះសង្ឃ ឈុន ណន ចូលក្នុងវត្ដនោះទេ និងបានបិទទ្វារសាលាឆាន់ ធ្វើឱ្យពុទ្ធបរិស័ទ មិនអាចនាំយកចង្ហាន់ប្រគេនព្រះសង្ឃបាននោះទេ។
ក្រោយពីទទួលបានព័ត៌មានដូចខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំ បានធ្វើការសាកសួរទៅ លោកអាចារ្យ លឹម ហ៊ី តែលោកបាននិយាយថា លោកមិនមែនជាអាចារ្យនោះទេ គឺគ្រាន់តែជាគណៈកម្មការ ហើយលោកមិនដឹងរឿងអីច្រើននោះទេ ព្រោះលោករវល់រកស៊ីនៅខាងក្រៅ មិនសូវបានមកវត្ដជាប់លាប់ប៉ុន្មានទេ។ ចំណែកលោក មេភូមិ ប្រាសាទ មិនព្រមផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាននោះទេ ក្រោយពីមានការស្នើសុំ។
រីឯកលោក មេប៉ុស្ដិ៍តុងរ៉ុង លោកបាននិយាយថា លោកមិនបានដឹងរឿងនេះច្បាស់នោះទេ ហើយលោកក៏គ្មានសិទ្ធិចេះដឹងរឿងនេះដែរ ហើយចំពោះ លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនា ខេត្ដកំពង់ចាម បានប្រាប់អ្នកសារព័ត៌មានយើងថា រូបលោក ក៏បានទទួលការរាយការណ៍អំពីករណីនៅវត្ដប្រាសាទដែរ ប៉ុន្ដែរបាយការណ៍នោះ មិនទាន់មកដល់ដៃលោកនោះទេ ហើយក៏បន្ដប្រាប់ថា ឱ្យទៅសួរ លោកអភិបាលស្រុក និងអនុគុណស្រុកព្រៃឈរ ទើបដឹងពីរឿងនេះច្បាស់ ដូចគ្នា ទៅនឹងលោកអាចារ្យ លឹម ហ៊ី លោកមេប៉ុស្ដិ៍តុងរ៉ុង ក៏ឱ្យអ្នកសារព័ត៌មានទៅសាកសួរ លោកអភិបាលស្រុកព្រៃឈរ និងលោកអនុគុណស្រុកព្រៃឈរដដែរ។
ជុំវិញករណីការបញ្ចប់មុខដំណែង និងបណ្ដេញព្រះសង្ឍ ឈុន ណន ចេញពីវត្ដបា្រសាទ ស្ថិតនៅភូមិប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ហាក់ដូចជាមានអាថ៌កំបាំង និងមានអ្នកនៅពីក្រោយរៀបចំការបណ្ដេញលោកចេញពីវត្ដ។
បើតាមពលរដ្ឋដដែរបានប្រាប់ទៀតថា លោកអាចារ្យ លឹម ហ៊ី ជាគណៈកម្មការអាចារ្យវត្ដ និងលោក លឹម ហ៊ាន ជាអាចារ្យធំ គឺត្រូវ ពូក្មួយ នឹងគ្នា ហើយលោក អនុភូមិម្នាក់ ក៏ជាសាច់ញាតិរបស់លោក លឹម ហ៊ី ផងដែរ ប្រជាពលរដ្ឋបានបន្ដប្រាប់ទៀតថា លោក អនុគុណស្រុកព្រៃឈរ ក៏មានទំនាក់ទំនងស៊ីជម្រៅនឹងលោកអាចារ្យ លឹម ហ៊ី ផងដែរ។
ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ដ ជាច្រើនគ្រួសារ និងព្រះសង្ឃ ឈុន ណន ស្នើសុំ មេគុណខេត្ដ និងឯកឧត្ដម ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ជាពិសេស សម្ដេចតេជោ សម្ដេចគតិព្រឹទ្ធបណ្ឌិត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី មេត្ដាផ្ដល់យុត្ដិធម៌ និងសូមឱ្យបានចូលគង់ក្នុងវត្ដវិញផង។
មកស្ដាប់ការលើកឡើងរបស់ពុទ្ធបរិស័ទចំណុះជើងវត្ដ និងព្រះសង្ឃ ឈុន ណន ។