ឧត្តរមានជ័យ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះវត្តមានដំណើរនិមន្ត្តទស្សកិច្ច របស់ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី នៅលើទឹកដីខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្រោយព្រះអង្គបញ្ចប់ដំណើរទស្សនកិច្ចតាមព្រំដែន នៃខេត្តក្រចេះ ខេត្តមណ្ឌុលគីរី ខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។
ព្រះវត្តមានរបស់ព្រះអង្គធម្មវនវាសី ចន្ទ មុនី នៅលើទឹកដីនៃខេត្តឧត្តរមានជ័យ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្ត ពិសេសមានការទទួលស្វាគមន៍តាមដងផ្លូវ នៃការនិមន្តរបស់ព្រះអង្គ ចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ រហូតមកដល់ទីប្រជុំជនស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រៅពីការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី បានសម្តែងធម្មទេសនាអប់រំចិត្តជូនប្រជាពុទ្ធបរិស័ទ នៅវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែង ក្នុងឃុំអន្លង់វែង នៅស្រុកអន្លង់វែង បន្ទាប់មកព្រះអង្គបានបន្តនិមន្តទៅពិនិត្យផ្ទាល់នៅច្រកព្រំដែនអន្តរជាតិជាំ និងពិនិត្យទីតាំងបង្គោលព្រំដែនទី១ រវាងខេត្តឧត្តរមានជ័យ របស់កម្ពុជា និងខេត្តសុីសាកេត របស់ថៃ។
សូមបញ្ជាក់ថាការទទួលដំណើរនិមន្តទស្សនកិច្ចរបស់ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី ពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករនេះ បានបង្ហាញឱ្យឃើញពីតម្លៃសុខសន្តិភាពដែលមានពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាឃើញការរស់នៅយ៉ាងសុខសាន្ត របស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាព ដែលកំពុងមានសព្វថ្ងៃ និងបន្តចង់បានពីសំណាក់បងប្អូនប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដូចគ្នាជាមួយប្រជាពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនដទៃទៀត ដូចជាខេត្តជាប់ព្រំដែនទាំង៤ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA៕