ខេត្តកណ្ដាល៖ ថ្លែងក្នុងកម្មវិធី កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋានរៀបចំការ បោះឆ្នោត ខេត្តកណ្តាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្ស នយោបាយ អ្នកសង្កេតការណ៍ជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់ បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ដែលបានបង្កលក្ខណៈងាយស្រួលឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ទទួលបាននូវ លទ្ធផលដ៏ល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ ទាំងលើទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ ដោយមានការចូលរួមពី កងកម្លាំងទាំង៣ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ។
ឯកឧត្តម អភិបាលរងខេត្ត បានបន្ថែមទៀតថា ឆ្នាំនេះអាចចាត់ទុកថាជាឆ្នាំពិសេសមួយ ដែលការបោះឆ្នោតអសកលទាំង ២ បានដំណើរការក្នុងឆ្នាំ ជាមួយគ្នា ហើយបន្តបន្ទាប់ទៅខាងមុខទៀតមិនដឹងឆ្នាំណាទើបបានជួបគ្នាវិញម្តងទៀត ព្រោះអាណត្តិនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានរយៈ ៥ឆ្នាំ រីឯនីតិកាលនៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា មានរយៈ ៦ឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះ លោក ផាន់ ឫទ្ធិពល ប្រធាន ល.ខ.ប ខេត្តកណ្តាល បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ក្នុងខេត្តកណ្តាល បានប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានលទ្ធផលល្អ ដែលមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ៩៩.២៧% បើធៀបនឹងចំនួនប៉ាន់ស្មាន ប្រជាពលរដ្ឋអាចមកចុះឈ្មោះបោះឆ្នោត។ ការចូលរួមរបស់ប្រជាពលរដ្ឋនេះ បានបង្ហាញឱ្យឃើញពីករណីយកិច្ច និងការមានជំនឿទុកចិត្តលើការរៀបចំការបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈលេខាធិការដ្ឋាន រៀបចំការបោះឆ្នោត ខេត្តកណ្តាល។