ខេត្តកណ្តល៖ ថ្លែងនៅ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែតុលា នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានរំលឹក ដល់គ្រប់អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកទាំងអស់ ត្រូវចាប់ផ្ដើមអនុវត្តកិច្ចការរៀងៗខ្លួនចាប់ពីថ្ងៃនេះតទៅ ត្រូវរួមសហការគ្នាធ្វើយ៉ាងណារៀបចំសម្អាតសោភ័ណ្ឌភាពទីក្រុងមានដូចជា៖ អនាម័យសម្រាមបរិស្ថាន កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សម្រួលចរាចរណ៍ ចំណតយានយន្ត ក្រុមគ្រូពេទ្យប្រចាំការ ស្តង់ពិព័ណ៍ទំនិញ ការបាញ់កាំជ្រួច ការប្រគំតន្រ្តីសម័យជាដើមនៅក្នុងពិធីនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទស្សនាកំសាន្ត។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ អនុគណៈកម្មការទាំងអស់ ត្រូវរៀបចំកម្មវិធីនានាក្នុងពិធីប្រណាំងទូកនាពេលខាងមុខនេះឱ្យបានគ្រប់ជ្រុងជ្រោយ តាមលំដាប់លំដោយ និងមានភាពច្បាស់លាស់ ងាយស្រួលដល់មហាជនចូលរួមមកទស្សនាកំសាន្ត។ ជាពិសេសត្រូវរៀបចំតុបតែងឱ្យបានល្អទាំងពេលយប់ និងពេលថ្ងៃ ត្រូវដាក់តាំងបង្ហាញពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំនៅតាមផ្ទាំងអាហ្វីសប៉ាណូ ត្រូវរៀបចំកន្លែងស្នាក់នៅរបស់កីឡាករទូកឱ្យបានសមរម្យ ត្រូវមានបន្ទប់ទឹកសម្រាប់កីឡាករ និងអ្នកចូលរួមទស្សនាឱ្យបានល្អ ជាងនេះទៅទៀតត្រូវរៀបចំសណ្តាប់ធ្នាប់ដល់អ្នកលក់ដូរក្នុងពិធីឱ្យបានសមស្របនិងសណ្ដាប់ធ្នាប់ល្អផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់កមដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំកន្លងទៅនេះ និងបានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះជាលំដាប់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ បន្ថែមពីលើនេះឯកឧត្តមក៏បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខិតខំថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់សិស្សានុសិស្ស ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដើម្បីធ្វើឱ្យការប្រឡងនេះប្រព្រឹត្តទៅបានរលូន និងសុខសុវត្ថិភាពជូនដល់សិស្សានុសិស្សក្នុងពេលប្រឡង ដោយមិនឱ្យមានការរំខាន ឬបាតុភាពមិនប្រក្រតីណាមួយកើតឡើងបានឡើយ។
គួរបញ្ជាក់ថា៖ ឆ្នាំនេះខេត្តកណ្តាលនឹងរៀបចំការប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដើម្បីបង្កបរិយាកាសសប្បាយរីករាយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត។ ជាមួយគ្នានេះ ខេត្តក៏បានត្រៀមរៀបចំដាក់តាំងពិព័រណ៍លក់ផលិតផលជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំបាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសម័យផងដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ តាមកាលបរិច្ឆេទខាងលើដើម្បីញ៉ាំងឱ្យព្រឹ្តត្តិការណ៍នេះប្រព្រឹត្ដទៅដោយជោគជ័យ និងសប្បាយរីករាយ។
សូមជម្រាបដែរថា តាមរបាយការណ៍របស់អនុគណៈកម្មការបច្ចេកទេស ក្នុងពិធីប្រណាំងទូក ទិន្នន័យបឋមមានទូកចូលរួមប្រកួតចំនួនចំនួន ៦៤ទូក ក្នុងនោះមាន៖ ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៣ទូក និងទូកអុំបុរស ចំនួន ៣១ទូក ។