ខេត្តកណ្ដាល៖ ព្រឹកថ្ងៃចន្ទ ៩កើត ខែ ចរត្រ ទោសក័ ពុទ្ធសករាជ ២៥៦៤ ឆ្នាំជូតត្រូវនឹងថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អនុញ្ញាតឱ្យ ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារឆ្នោតមហាសំណាងខេត្តកណ្ដាល ចូលជួបសំណេះសំណាល និងនាំយកនូវ សម្ភារៈ និងថវិកា មួយចំនួន ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំង ក្នុងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារឆ្នោតមហាសំណាងខេត្តកណ្ដាល បានឧបត្ថម្ភសម្ភារៈ និងថវិកា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
ក្រុមការងារឆ្នោតមហាសំណាងខេត្តកណ្ដាល បានឧបត្ថម្ភ អាល់កុល៥កាន ម៉ាស់២៥០០ម៉ាស់ មីជាតិ៥កេសធំ ទឹកសុទ្ធ២០កេស និងអង្ករ១តោន និងឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម អាល់កុល១០កាន ម៉ាស់១០ម៉ឺនម៉ាស់ អង្ករ១០តោន និងថវិកា៣ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលខេត្តកណ្ដាល។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ ក្រុមការងារឆ្នោតមហាសំណាងខេត្តកណ្ដាល និងឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចំណាយនៅថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល។ ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួម ជាមួយអាជ្ញាធរខេត្ត ដោយអនុវត្តវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសផងដែរ។
ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវយ៉ាងទទូច សូមឱ្យប្រជាពលរដ្ឋ ដែលបានដឹងខ្លួន ថាបានប៉ះពាល់ដល់ផ្ទាល់ ឬប្រយោល នៅព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីមកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ទន្ទឹមនឹងនេះប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនមានការចាំបាច់នោះទេ សូមបងប្អូនកុំចេញពីផ្ទះ និងមិនត្រូវនៅកន្លែងទីប្រជុំជនឡើយ ព្រោះថាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ យើងសង្កេតឃើញថានៅតែមានការកើនឡើងជាបន្តបន្ទាប់ នូវអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩នៅឡើយ។
សូមបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៤៧៥៧នាក់ យកសំណាកបាន ១៤០៧៥នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១០៤៧នាក់ នៅផ្ទះចំនួន ១០២២០នាក់ មានករណីវិជ្ជមានចំនួន ២៤៩នាក់ និងករណីជាសះស្បើយចំនួន ១៨នាក់។រដ្ឋាអភិវឌ្ឍន៍ញូស៍