បាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ១៥:៣៨ នាទី នៅចំណុចភូមិអូរគ្រាត ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការ កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដែលដឹកនាំដោយលោក អនុសេនីយ៍ឯក ចាន់ ថានូ ជាអធិការ កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ស គឹមឡុង ជាអធិការ កម្លាំងអធិការដ្ឋាននគរបាលស្រុក រតនមណ្ឌល ដែលដឹកនាំដោយលោក វរសេនីយ៍ឯក សន និល ជាអធិការ បានចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០៣ នាក់មកកាន់ស្នងការដ្ឋាន ។
១. ឈ្មោះ គង់ រ៉ាវុធ ហៅ រ៉ា ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិដើមស្លែង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
២.ឈ្មោះ ព្រំ សារិទ្ធ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅ ភូមិព្នាត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
៣. ឈ្មោះ សា ស្រីណា ភេទស្រី អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ប៊ុន សុខហេង ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាព ចូលទៅគាស់បង្អួចផ្ទះ ផ្លោះចូលទៅលួចយកទ្រព្យសម្បត្តិ ហើយគេចខ្លួនបាត់ រហូតដល់ថ្ងៃខែឆ្នាំខាងលើទើបកម្លាំងយើងបានធ្វើការនាំខ្លួនជនសង្ស័យយកមកកាន់ស្នងការដ្ឋាន ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ៖ កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិចំនួន ០៦ លើកមកហើយ ក្នុងនោះខេត្តបាត់ដំបងចំនួន ០៣ លើក ខេត្តប៉ៃលិនចំនួន ០២ លើក និងក្នុងខេត្តកណ្តាលចំនួន ០១ លើក ។
វត្ថុតាងដកហូតរួមមាន ៖
– រថយន្ត ០១ គ្រឿង ម៉ាកTOYOTA CAMRY ផលិតឆ្នាំ ១៩៩៧ ពណ៌ ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2J 0788
– តួណឺវីស ចំនួន ០២
– កាំបិត ចំនួន ០១
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕