ខេត្តកណ្តាល៖ថ្ងៃព្រហស្សតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីអុំទូក បណ្តែតប្រទីប និងបុណ្យចេញព្រះវស្សា នៅទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល២ថ្ងៃ ពោលចាប់
ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពីគ្រប់ទិសទី យ៉ាងច្រើនកុះករ ដើម្បីអបអរសាទរ មកមើលលេងកម្សាន្តសប្បាយរីករាយ ក្រោយខកខានរយៈពេលកន្លងមកដោយសារគ្រោះទឹកជំនន់ និងដោយវិបត្តិជំងឺកូវីដ១៩។
សម្រាប់ពិធីបើកនាថ្ងៃទី១នេះបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល
លោក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រដ្ឋបាលក្រុង ស្រុកប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត កងកម្លាំង និងមន្រ្តីរាជការជាច្រើនរូបចូលរួមផងដែរ។
ពិធីជួបសំណេះសំណាលនេះធ្វើឡើង នៅមុខសួនច្បារក្រុងតាខ្មៅ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តកណ្តាល បានកោតសរសើរចំពោះក្រុមកីឡាករចំណុះទូកទាំងអស់ ដែលបានចូលរួម ធ្វើឲ្យការរៀបចំពិធីនេះមានភាពអធីកអធមក្រៃលែង។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល មានប្រសាស្ត្រថា ការប្រណាំងទូកនាពេលនេះ គឺមិនគ្រាន់តែ នាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព ប៉ុណ្ណោះទេ ប៉ុន្តែវាបានរក្សា នូវប្រពៃណី ទំនៀមទម្លាប់ របស់បុព្វបុរស យើងមានតាំងពីយូរយា មកហើយ។ ឯកឧត្តម អភិបាលសង្កត់ធ្ងន់ថា៖ ការប្រឡងប្រណាំងមានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋាន របស់ខ្លួន ឲ្យល្អបានប្រសើរបំផុត។
សូមបញ្ជាក់ថា៖ ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន ៦៦ទូក ក្នុងនោះ៖ ទូកអុំចំនួន៣៣ទូក ,ទូកចែវ០៦ទូក ទូកអន្តរជាតិ ២៧ទូក។ ទូកចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូកសរុប ៣.៩៩៤នាក់។
ជាមួយគ្នានោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានឧបត្ថម្ភ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់បណ្តាទូក ដែលបានចូលរួមប្រណាំងផងដែរ៕