ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្សព្វផ្សាយព័ត៌មានដល់ អ្នកពាក់ព័ន្ធ ដើម្បីរៀបចំឯកសារ និងព័ត៌មាននានាពាក់ព័ន្ធនឹងផែនការអភិវឌ្ឍខេត្ត និងផ្សព្វផ្សាយពីការចាប់ផ្តើមដំណើរការរៀបចំផែនការអភិវឌ្ឍខេត្ត ២០២៥-២០២៩ ឱ្យអ្នកពាក់ព័ន្ធទាំងអស់បានយល់ដឹង និងបានចូលរួមក្នុងដំណើរការ នៃការរៀបចំ និងកសាងផែនការអភិវឌ្ឍខេត្តបានត្រឹមត្រូវ ឆាប់រហ័ស សំដៅធ្វើឱ្យខេត្តមានកំណើនសេដ្ឋកិច្ច មានការអភិវឌ្ឍន៍ដោយចីរភាព និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំផ្នែកគោល នយោបាយ សម្រាប់ការកសាងផែនការ អភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកទាំង១៣ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តកណ្ដាល។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្តថា ដោយអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងតាមប្រកាសអន្តរក្រសួង គឺក្រសួងមហាផ្ទៃ និងក្រសួងផែនការ ក្រោយពីបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរួចមក រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំកសាងផែនការអភិវឌ្ឍន៍សម្រាប់អាណត្តិរបស់ខ្លួន និងរៀបចំកសាងកម្មវិធីវិនិយោគបីរំកិលជារៀងរាល់ឆ្នាំ។ ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមថា ក្នុងកិច្ចប្រជុំនេះ ក្រៅពីការផ្សព្វផ្សាយប្រតិទិនការងារ និងឯកសារគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ក្រុមការងារនឹងធ្វើបទបង្ហាញណែនាំអពីរបៀបបំពេញ តារាង១.២ ស្តីពីការវិភាគស្ថានភាពរបស់អ្នពាក់ព័ន្ធ តារាងនេះបំពេញដោយរដ្ឋបាលខេត្ត និង រដ្ឋបាលក្រុង ស្រុកនិងមន្ទីរ អង្គភាពជុំវិញខេត្ត។ របៀបបំពេញទម្រង់ធាតុចូលអំពីកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានតារាងនេះបំពេញដោយរដ្ឋបាល ខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត និងការកំណត់កាលបរិច្ឆេទបញ្ជូនតារាង១.២ មកក្រុមការងារកសាងផែនការវិញដើម្បីបូកសរុប។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា ដើម្បីឱ្យការកសាងផែនការអភិវឌ្ឍន៍ ២០២៥-២០២៩ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស្របតាមនីតិវិធី គឺត្រូវតែគោរពគោលការណ៍ទាំង៩ចំណុចរួមមាន៖ ១.ការចែករំលែកព័ត៌មាន ២.តម្លាភាព ៣.សង្គតិភាពនិងសុខដុមនីយកម្ម ៤.ការចូលរួមពីគ្រោះយោបល់ជាទូទៅ ៥.ការឆ្លើយតបនឹងតម្រូវការ ៦.គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យ ៧.ប្រសិទ្ធភាព សុក្រឹតភាពសេដ្ឋកិច្ចសង្គម ៨.ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថាន និង៩.ការធានាសមធ៌ម។
លោក ម៉ីន ឈុន ប្រធានមន្ទីរផែនការខេត្តកណ្ដាល បានសំណូមពរឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ សហការចូលរួមអនុវត្តន៍ក្នុងការរៀបចំកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ ឱ្យអស់ពីកម្លាំងកាយចិត្តតាមលំដាប់លំដោយ នៃប្រតិទិនការងារដែលក្រុមប្រឹក្សាខេត្តបានពិនិត្យនិងអនុម័ត។ ហើយត្រូវយកចិត្តទុកដាក់លើការធ្វើបទបង្ហាញរបស់ក្រុមការងារអំពី ប្រតិទិនការងារសម្រាប់រៀបចំ និងកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ស្របទៅតាមគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់កសាងផែនការអភិវឌ្ឍនិងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងទម្រង់ធាតុចូលនានាដែលក្រុមការងារនឹងបង្ហាញជូន ករណីមានចម្ងល់សូមធ្វើការសួរបញ្ជាក់ឱ្យបានច្បាស់លាស់នូវបញ្ហា ដែលកើតមានជាក់ស្តែង ដើម្បីយកទៅរៀបចំឱ្យបានត្រឹមត្រូវ និងបញ្ជូនមកក្រុមការងារវិញបានទាន់ពេលវេលាកំណត់។