(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាល រាជធានីភ្នំពេញ និង ជាប្រធានកិត្តិយស នៃអនុគណៈកម្មការដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយមនុស្សវ័យចាស់ ចំនួន៥២៥រូប ក្នុងឱកាសអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ០១-តុលា-២០២៤។
ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុងម្នាក់ៗ ទទួលបានអង្គរចំនួន ២៥គីឡូក្រាម, ភួយ០១, ក្រមា០១, ត្រីខ ០១យូរ (១០កំប៉ុង), មី ០១កេសតូច, ទឹកបរិសុទ្ធ ០១កេស និងថវិកា ចំនួន៥០,០០០រៀល។
ឯកឧត្តមបានធ្វើការផ្តាំផ្ញើឱ្យមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះមនុស្សចាស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅឯកកោឡើយ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា លោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់កន្លងមកនេះ បានចូលរួមសកម្មភាពជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៧៩មក ក្នុងការកសាងប្រទេសជាតិឲ្យ អភិវឌ្ឍរីកចម្រើន ជឿនលឿន រហូតមកដល់បច្ចុប្បន្ននេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនភ្លេចគុណបំណាច់មនុស្សចាស់ឡើយ ហើយក្មេងជំនន់ក្រោយ បាននិងកំពុងអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នារបស់ឱពុកម្តាយគ្រប់រូបនេះជាមោទនៈភាពរបស់យើងទាំងអស់គ្នា ដែលមានថ្នាក់ដឹកនាំដ៏ឆ្នើម គឺសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ការបង្កើតឱ្យមានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខមនុស្សវ័យចាស់ ក្នុងរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើជាតិមាតុភូមិ និងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ១ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល»៕