ខេត្តកណ្ដាល៖ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់ក្រុមហ៊ុន បារាយណ៍ ក្លូបល មេនើចម៉ិន ឯ.ក(Baray Global Management Co.,ltd) ខិតខំកៀរគរអ្នកជំនួញជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែក អភិវឌ្ឍដល់ប្រទេសជាតិ និងខេត្តកណ្តាល ឱ្យស្របតាមចក្ខុវិស័យប្រែក្លាយប្រទេសខ្លួន ជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម អភិបាលរងខេត្ត បានធ្វើការលើកទឹកចិត្តបែបនេះក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ ស្នាក់ការក្រុមហ៊ុន បារាយណ៍ ក្លូបល មេនើចម៉ិន ឯ.ក(Baray Global Management Co.,ltd) និងចុះអនុស្សារណៈយោគយល់ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅសួនបណ្តុំ/តំបន់ប្រមូលផ្តុំសហាគ្រាសធុនតូច និងធម្យម វើលប្រ៊ីច អ៊ុនដាស់ស្ត្រីឌីវេឡុបម៉ិន ខូលអិលធីឌី ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តម អភិបាលរងខេត្ត បន្តថា៖ ខេត្តកណ្ដាលជាទីតាំងសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ ដោយមានទន្លេ ៤ ហូរកាត់ ពិសេសមានភូមិសាស្ត្រព័ន្ធជុំវិញរាជធានីភ្នំពេញ និងមាន ព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម។ ខេត្ត មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ តួយ៉ាងខេត្ត មានផ្លូវជាតិសំខាន់ៗ សុទ្ធតែឆ្លងកាត់ភូមិសាស្ត្រខេត្តកណ្តាល មានផ្លូវល្បឿនលឿន ផ្លូវក្រវ៉ាត់ក្រុង មហាវិថី ស្ពានឆ្លងកាត់ទន្លេ កំពង់ផែ ព្រែកជីកហ្វូណនតេជោ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ។ល។ ទន្ទឹមនឹងនោះ ការផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញអគ្គិសនី បានគ្របដណ្តប់ស្ទើរគ្រប់ភូមិ ទូទាំងខេត្ត។ ផលិតផលក្នុងស្រុកសរុបសម្រាប់រដ្ឋបាលខេត្ត មានការកើនឡើងជារៀងរាល់ឆ្នាំ ជាក់ស្តែងក្នុងឆ្នាំ២០២៣ ខេត្តមានផលិតផលក្នុងស្រុកសរុបចំនួន ៣ ១៤១ លានដុល្លារ GDP សម្រាប់មនុស្សម្នាក់ចំនួន ២ ២៧៥ ដុល្លារ។
លោក ហៃ សុផាត នាយកគ្រប់គ្រងក្រុមហ៊ុន បារាយណ៍ ក្លូបល មេនើចម៉ិន ឯ.ក បានលើកឡើងថា៖ ក្រុមហ៊ុន មាន ចក្ខុវិស័យវែងឆ្ងាយក្នុងការនាំយកផលិតផល កសិផល ជំរុញការផលិតក្នុងស្រុកធ្វើការនាំចេញសម្រាប់ទីផ្សារអន្តរ ជាតិ តាមរយះភាពជាដៃគូរគ្រប់ជ្រុងជ្រោយដែលនិងធ្វើអោយកាន់តែប្រសើទៅដល់ម្ចាស់រអាជីវកម្ម សហគ្រាស រហូតដល់ប្រជាកសិករដែលកំពុងស្វែងរកទីផ្សារ ជំរុញដល់ការផលិត គ្រប់សង្វាក់ផលិតកម្ម រហូតដល់ការផ្គត់ផ្គង់ វត្ថុធាតុដើមកាន់តែប្រសើរនិងសម្បូរបែបដោយផ្អែកលើចំនុចពិសេសៗ ទាំងធនធាន និងសមត្ថភាពដែលយើង កំពុងមាន និយាយជារួមគឺសំដៅធ្វើយ៉ាងណាបង្កលទ្ធភាពទាក់ទាញជំរុញការនាំចេញតាមរយះផលិតផល សម្រេច ផ្នែកសិកម្មជាអទិភាពក្នុងការពង្រីកទំហំទីផ្សារនាំចេញ និងការកៀងគរវិនិយោគិនបរទេស ។ល។
លោកនាយកគ្រប់គ្រងក្រុមហ៊ុន បន្តថា៖ កន្លងមក យើងកសាងបាននូវរចនាសម្ព័ន្ធ ទំនាក់ទំនងក្រុមហ៊ុនដៃគូរបរទេសជាបន្តបន្ទាប់តាមរយៈ Business Investment & Development របស់យើង ជាក់ស្ដែងស្ថិតក្នុង ឪកាសនេះផងដែរយើងបានបង្កើតភាពជាដៃគូររវាង BGM និង Halal park Cambodia ក្នុងគោលបំណង គ្រប់គ្រងការវិនិយោគ និងប្រពន្ធ័ប្រតិបត្តិការវិស័យផលិត ស្របតាមស្តង់ដារឧស្សាហកម្មហាឡាល (halal) ដើម្បីបង្កើនចង្វាក់ផលិតកម្ម កែច្នៃផលិតផលកសិកម្មក្នុងស្រុក ព្រមទាំងជម្រុញការនាំចេញទៅកាន់ទីផ្សារបរទេស។