ខេត្តកណ្តាល៖ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះសំណេះសំណាល ជាមួយសហគមន៍កសិកម្មស្វាយប្រទាលក្នុងក្ដីសង្ឃឹម នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ស្ដីពីការជម្រុញផលិតកម្មកសិកម្ម និងធុរៈកិច្ចកសិកម្ម នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។
សហគមន៍កសិកម្មស្វាយប្រទាលក្នុងក្ដីសង្ឃឹម នៅឃុំស្វាយប្រទាល ស្រុកស្អាង បង្កើតឡើងនៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៥ ដោយមានការគាំទ្រពីអង្គការទស្សនៈពិភពលោក និងសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល ក្នុងនោះក្រុមផលិតបន្លែលក់អោយសហគមន៍មានចំនួន ៥ក្រុមដែលមានសមាជិកសរុប ១១៨ នាក់ មានផ្ទះសំណាញ់ចំនួន ២៣ ខ្នង បន្លែដែលសហគមន៍កសិកម្មធ្វើការដាំរួមមាន៖ស្ពៃតឿស,ស្ពៃតឿខៀវ,សាលាដស្រួយ ,ខាត់ណាដើម ស្ពៃខ្មៅ,ស្ពៃចង្កឹះ,ស្ពៃក្តោប,ពោតបារាំង,ខ្ញី,ម្រះ,និងផ្លែត្របែកជាដើម។ហើយសហគមន៍ធ្វើការផ្គត់ផ្គង់អោយក្រុមហ៊ុនចំនួន៤ក្រុមហ៊ុន គឺ(EAC បៃតង់ស្រស់ ហូរីកា ផ្ទះបន្លែធម្មជាតិ។ការដាំបន្លែសុវត្ថិភាពគឺល្អប្រសើរជាងបន្លែប្រើថ្នាំគីមី ដោយទទួលបានប្រាក់ចំនេញជាងការប្រើប្រាស់ថ្នាំគីមី ការផ្តល់នូវបន្លែដែលមានសុខភាពល្អជូនដល់អ្នកប្រើប្រាស់មានភាពជឿជាក់ និងមានទីផ្សារទូលាយ។
មានប្រសាសន៍នាឱកាសជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍កសិកម្មស្វាយប្រទាលក្នុងក្ដីសង្ឃឹម ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញដល់ការដាំបន្លែសុវត្ថិភាពអោយបានច្រើនតាមរយះការបង្កើតផ្ទះសំណាញ់អោយបានច្រើនដើម្បីបង្កើនគុណភាពផលិតផល និងត្រូវសិក្សាអំពីការវិនិយោគបន្ថែមដើម្បីបង្កើនភាពចំនេញ សិក្សាពីការវិនិយោគបទពិសោធន៏នៅតាមសហគមន៍ផ្សេងៗឯកឧត្តមនឹងគាំទ្រការធ្វើទស្សនៈកិច្ចដល់សហគមន៍កសិកម្មស្វាយប្រទាលក្នុងក្ដីសង្ឃឹមសំរាប់សិក្សានៅខេត្តដ៏ទៃដើម្បីផ្តល់នូវចំណេះជំនាញជូនពួកគាត់បន្ថែមទៀត។
ឯកឧត្តមបន្តថា៖ ការដាំបន្លែក្នុងផ្ទះសំណាញ់ និងរៀបចំប្រព័ន្ធស្រោចស្រពត្រឹមត្រូវតាមបច្ចេកទេសគឺនឹងទទួលបានទិន្និផលខ្ពស់បន្លែមានសុវត្ថិភាព និងការគ្រប់គ្រងឱ្យបានល្អដើម្បីធានាភាពជោគជ័យ ផ្តល់ផលចំណេញដល់អ្នកដាំដុះ។
ឯកឧត្តម ក៏បានកោតសរសើរចំពោះភាពរីកចម្រើនរបស់សហគមន៍ ដែលបានខិតខំរៀបចំឱ្យមានផ្ទះសំណាញ់ និងទីផ្សារលក់ផលិតផល ដែលផ្តល់ផលចំណេញដល់សមាជិកក្នុងសហគមន៍៕