ត្បូងឃ្មុំ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត គណកម្មាធិការកណ្ដាល អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ជូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ក្នុងស្រុកអូររាំងឪ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ ចំនួន ៤៤១១នាក់ នាព្រឹកថ្ងៃអាទិត្យ ៧កេីត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងភូមិទួលវិហារ ឃុំជីរោធិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន និងឯកឧត្ដម ជា សុផារ៉ា គណកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ជូនសមាជិកថ្មីដែលស្ថិតក្នុងអង្គពិធីទាំងមូល។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត សូមកោតសរសេីរចំពោះទឹកចិត្តស្រលាញ់គណបក្សប្រជាជនកម្ពុជា របស់បងប្អូន ក្នុងស្រុក នៃខេត្ដត្បូងឃ្មុំ ដែលបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានយល់ច្បាស់ពីគោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងលះបង់ និងចាកចេញពីគណបក្សចាស់ ហើយសម្រចចិត្ដរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន។
ឯកឧត្តមបណ្ឌិត បានរំឭកថា គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា គ្រប់មូលដ្ឋានទូទាំងប្រទេស និងជាពិសេសបានដាក់ចេញនូវគោលនយោបាយល្អ ជាអំពេីល្អ ៥ចំណុចសំខាន់ៗគឺ មនុស្ស ទឹក ផ្លូវ ភ្លេីង និងបច្ចេកវិទ្យា។
ឯកឧត្តមបណ្ឌិតបន្ដទៀតថា ការសម្រេចចិត្តចូលរួមរបស់សមាជិកថ្មីនាពេលនេះ បង្ហាញឱ្យឃេីញកាន់តែច្បាស់អំពី ការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាការចូលរួមរក្សាសុខសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។