សារលិខិតរំលែកមរណទុក្ខ
សូមគោរពជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ព្រមទាំងក្រុមគ្រួសារ។
ខ្ញុំបាទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន មានសេចក្តីក្រៀមក្រំក្ដុកក្ដួល និងសោកស្តាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងថា មហាឧបាសិកា គង់ លាន់ ដែលត្រូវជាម្តាយបង្កើត របស់ ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០:៤០នាទីព្រឹក ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។
ក្នុងវេលានៃមរណទុក្ខដ៏សែនក្រៀមក្រំ និងក្ដុកក្ដួលជាទីបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខ ដោយសេចក្តីសោកស្តាយ ស្រណោះ អាឡោះអាល័យក្នុងចិត្តជាពន់ពេកជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីជូនទូត ជាទីគោរពស្រឡាញ់ប្រកប ដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះកូន ចៅ ចៅទួត និងបានខិតខំប្រឹងប្រែងគ្រប់ឧបសគ្គបំពេញតួនាទី ជាម្តាយដ៏ល្អ ក្នុងការចិញ្ចឹមបីបាច់ ថែទាំ អប់រំ ផ្តល់ឱវាទដំបូន្មានល្អៗដល់កូនៗ ចៅៗ រហូតក្លាយជាបញ្ញវន្ត និងបានចូលរួមបម្រើផលប្រយោជន៍ដល់សង្គមជាតិ។ មរណភាពរបស់មហាឧបាសិកា គង់ លាន់ គឺជាការ បាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលមានសទ្ធាជ្រះថ្លា និងបានលះបង់ពេលវេលា ព្រមទាំងធនធាន ក្នុងការចូលរួមលើកតម្កើង និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា គង់ លាន់ សូមបាន ទៅកាន់ទីសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកមរណទុក្ខដ៏ក្រៀមក្រំពីយើង ខ្ញុំទាំងអស់គ្នា។
តំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន
មន្ត្រី ក្រសួង បរិស្ថាន
អ៊ាង សុផល្លែត៕