ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរ ដោយឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងជូនដល់ អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល។
មានប្រសាសន៍នាក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជន ត្រូវអនុវត្តនូវវិធានការការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានថ្លៃអំណរគុណដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩
ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តរបស់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត។
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។
លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល បានឱ្យដឹងថា ទូលទាំងខេត្តកណ្ដាលមានអតីតជន និងសមាជិកអតីតយុទ្ធជន ចំនួន ២៦៥១ នាក់ ដែលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងខេត្តនឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែមេសានេះ។
ដោយឡែកអតីតយុទ្ធជនកម្ពុជា ក្រុងតាខ្មៅ ដែលត្រូវបានអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល មានចំនួន ៤៦០ នាក់។ ៌ស