ភ្នំពេញ៖ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ អញ្ជើញចែកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ រស់នៅ សហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចក ចំនួន២.០០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្ដេចតេជោហ៊ុន សែនបានគិតគូរនិងព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ដោយ សម្ដេចបានចេញនូវសេចក្តីសម្រេចជាច្រើនលើក ច្រើនសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនគឺ ៣កុំនិង៣ការពារ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ក៏បានសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញនាពេលនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
ជំងឺដ៏កាចសាហាវនេះនៅក្នុងពេលដែលយើងបានឆ្លងវាហើយ គឺមិនមានបងប្អូនសាច់ញាតិណាមើលថែទេ ហើយពេលស្លាប់ទៅក៏មិនមានអ្នកទៅធ្វើបុណ្យដូចកាលពីមិនទាន់មានកូវីដ-១៩ដែរ ។
ដូច្នេះយើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីទប់ស្កាត់ឲ្យបាននូវជំងឺកូវីដ-១៩នេះ ខណៈដែលរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាបន្តបន្ទាប់នៃការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល ១៤ថ្ងៃ ។ ក្នុងរយៈពេលនេះ សូមបងប្អូនទាំងអស់អត់ធ្មត់ ក្រោយមានស្ថានភាពធូរស្បើយនៃការរីករាលដាល បើយើងអាចបិទខ្ទប់បានជោគជ័យ បងប្អូនប្រជាពលរដ្ឋអាចនឹងដើរហើរនិងប្រកបរបររកស៊ីប្រចាំជីវិតដូចធម្មតាឡើងវិញហើយ។
សូមបញ្ជាក់ថា លោកស្រី ម៉ែន សំអន ឧបនាយរដ្ឋមន្រ្តី បានអញ្ជើញចែកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់តំណាងប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងចំណោម ២.០០០ គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គីឡូក្រាម មីមួយកេសតូច ត្រីខមួយយួរ ទឹកត្រី ៦ដប និងទឹកស៊ីអ៊ីវ៦ដប។
កាចែកអំណោយនេះនៅមជ្ឈមណ្ឌលអ៊ិស្លាមភ្នំពេញ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។