ខេត្តកណ្ដាល៖ ព្រឹកថ្ងៃសៅរ៍១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អនុញ្ញាតឱ្យ លោក មួង ដារ៉ា ចូលជួបសំណេះសំណាល ក្នុងនោះ លោក មួង ដារ៉ា បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ មានអង្ករ ១០តោន និងត្រីខ ៥០កេស ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ លោក មួង ដារ៉ា ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសន្យាថា និងនាំយកសម្ភារៈទាំងអស់នេះ ប្រគល់ដល់ដៃប្រជាពលរដ្ឋ និងអ្នកដែលរងប៉ះពាល់ ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។