- នៅព្រឹកថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១
សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីរូបគេទាំងពីរនាក់ ធ្វើសកកម្មភាពលួចគាស់ហាងលក់ផលិតផលមកពីប្រទេសជប៉ុន (យីហោ មី-អា) នៅចំណុច ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង២១និង១៥នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។
+ជនសង្ស័យទាំង០២នាក់ មានឈ្មោះ ៖
១.ឈ្មោះ អ៊ុកចាន់ ចេនឡា ភេទប្រុស ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
២.ឈ្មោះ ពៅ ខួច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ចាប់យកវត្ថុតាង ៖ កាបូបដៃមួយ, កាបូបស្ពាយមួយ, កន្ត្រៃ០២, កូនកាំបិត០២,ដែកកាប់០១, កូនសោ០៤ និងពិលចំនួន០១។
កម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោកបានឲ្យដឹងថា នៅវេលាម៉ោង១៩និង០០នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកបានចេញល្បាតតាមគោលដៅបិទខ្ទប់ដើម្បី បង្ការ បង្ក្រាប បទល្មើសនៅក្នុងភូមិសាស្រ្តរបស់ខ្លួន រហូតដល់ម៉ោង២១និង១៥នាទី នៅចំណុចកន្លែងកើតហេតុខាងលើ ក៏បានឃើញជនសង្ស័យទាំង០២នាក់ កំពុងធ្វើសកម្មភាពលួចគាស់ហាងលក់ផលិតផលមកពីប្រទេសជប៉ុន (យីហោ មី-អា) ឃើញដូចនេះកម្លាំងល្បាតអាវុធហត្ថខណ្ឌទួលគោកក៏បានចាប់ឃាត់ខ្លួនជាក់ស្តែងជនសង្ស័យទាំង០២នាក់ភ្លាមៗ រួមនឹងវត្ថុតាងធ្វើសកម្មភាពយកមកអង្គភាពដើម្បីធ្វើការសាកសួរបន្ត និងបានទំនាក់ទំនងទៅម្ចាស់ហាងឲ្យមកដាក់ពាក្យបណ្តឹងផងដែរ។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់បានសារភាពឲ្យដឹងថា ពួកគេទាំងពីរបានធ្វើសកម្មភាពលួចចូលគាស់ ហាងលក់ផលិតផលមកពីប្រទេសជប៉ុន (យីហោ មី-អា) ចំនួន២ដង គឺកាលពីវេលាម៉ោង២៤និង០០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ពួកគេបានលួចគាស់ហាងខាងលើនេះ ដោយយកបានស្ពាន់ចំនួន០១គីឡូ លុះមកដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១និង១៥នាទី ឃើញឱកាសល្អ ពួកគេក៏បានធ្វើសកម្មភាពគាស់ជញ្ជាំងហាងខាងលើនេះដើម្បីយកទ្រព្យសម្បត្តិមានតម្លៃម្តងទៀត ពេលយករួចហើយបម្រុងគេចខ្លួន ពេលនោះសមត្ថកិច្ចអាវុធហត្ថក៏មកដល់ធ្វើការឃាត់ខ្លួនរូបគេទាំងពីរនាក់តែម្តង។ ពួកគេបានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា រូបគេទាំងពីរធ្លាប់ប្រើបា្រស់គ្រឿងញៀនរយៈពេល០២ឆ្នាំមកហើយ។