ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឲ្យដឹងថា វីរុសបំប្លែងថ្មីពីឥណ្ឌាB-1617 និងអង់គ្លេស B117 អាចរីករាលដាលក្នុងប្រទេសកម្ពុជា បើសិនណាប្រជាពលដ្ឋធ្វេសប្រហែសនូវការអនុវត្តន៍វិធានការសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក គឺ ៣ការពារនិង៣កុំ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេស ជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណ ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី មានភាពឆ្លងសាហាវលឿននិងធ្ងន់ធ្ងរជាងវីរុសកូវីដ១៩បច្ចុប្បន្ននេះ ហើយអត្រានៃការបាត់បង់ជីវិតក៏ខ្ពស់ផងដែរ។ ហេតុដូចនេះលោកជំទាវ ក៏សូមអំពាវនាវ យ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ថ្វីត្បិតតែស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជារំពឹងថាថយចុះជាបន្ដបន្ទាប់ ក្រោយពីយុទ្ធនាការ ក៏ដូចជាវិធានការដាក់ចេញការបិទខ្ទប់ របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ប៉ុន្តែជំងឺឆ្លងដ៏កាចសាហាវនេះវាមិនភ្លេចយើងឡើយ ប្រសិនបើយើងមិនការពារឲ្យបានម៉ឺងម៉ាត់ នោះ ខណៈដែលវីរុសបំប្លែងថ្មីនៅប្រទេសអង់គ្លេសក៏ត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកជំងឺកូវីដ១៩នៅកម្ពុជារួចទៅហើយដែរ។
លោកជំទាវបន្តណែនាំដល់ប្រជាពលរដ្ឋត្រូវតែគោរព និងអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការបង្ការជំងឺ ដែលណែនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយក្រសួងសុខាភិបាល ៣ការពារ និង ៣កុំ។
វិធានការ ៣ការពារ រួមមាន៖ ពាក់ម៉ាស់,លាងដៃ និងគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង ។ សម្ដេចបញ្ជាក់ថា ចំណុច៣ការពារនេះសំខាន់ខ្លាំងណាស់ ធ្វើដូច្នេះទើបអាចយកឈ្នះលើជំងឺកូវីដ-១៩ បានដោយជោគជ័យ។
ចំណែក ៣កុំ រួមមាន៖កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ,កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីវីរុសបំប្លែងថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា និងប្រទេសអង់គ្លេសជាលើកដំបូង ដែលបានកើតឡើងទៅលើជនបរទេស ចូលមកកម្ពុជា ដែលស្ថិតក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈផងដែរ ប៉ុន្តែករណីនេះបានកើតឡើងតាំងពីខែមុនមកម្ល៉េះ ហើយអ្នកជំងឺទាំងនេះក៏ត្រូវបានក្រុមគ្រូពេទ្យរបស់យើង ព្យាបាលជាសះស្បើយរួចហើយដែរ៕