សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភាសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានប្រគល់អំណោយជូនសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ ដើម្បីជួយសម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។
ពិធីប្រគល់ និងទទួលនេះបានរៀបចំឡើងនាព្រឹក៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធ សភា ផ្ញើជូនបងប្អូន កូន ចៅ នៃសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ ប្រកបដោយក្តីនឹករលឹក។ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តន៍វិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនមិនត្រូវធ្វេសប្រហែសឡើយ។ ពីព្រោះថា ជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជា ក៏ដូចជាពិភពលោកទំាងមូល បើទោះបីជាពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ ៣កុំ និង២ចូលរួម ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។ អំណោយដែលផ្តល់ជូននាឱកាសនោះ រួមមាន៖ មី២០កេស ត្រីខកំប៉ុង២កេសធំ ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ អង្ករ៥០០គីឡូក្រាម និងថវិកា១លានរៀល៕