នៅរសៀលថ្ងៃចន្ទ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរក្រុងតាខ្មៅ បានអញ្ជើញជួបសំណេះសំណាលជាមួយ អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៥នាក់ ដែលមកពីមណ្ឌលសម្រាកព្យាបាល វិទ្យាល័យ វឌ្ឍនៈឈូងលាភ និង បឋមសិក្សាក្រពើហា ដែលពិធីនេះប្រារព្ធធ្វើនៅមណ្ឌលសម្រាប់ព្យាបាល វិទ្យាល័យ វឌ្ឍនៈឈូងលាភ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ៧៥នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកណ្ដាល ក៏បានថ្លែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យ អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ ការពារនូវសន្តិសុខ សុវត្ថិភាព ពិនិត្យ និងតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងក្រុងតាខ្មៅ ក៏ដូចជាទូទាំងខេត្តកណ្ដាល ជាងនេះទៀតបានផ្ដល់នូវអាហារសមរម្យ ជូនពួកគាត់ផងដែរ។
ឯកឧត្តម អភិបាលខេត្តកណ្ដាល ក៏បានផ្ដាំផ្ញើដល់បងប្អូន ដែលទើបជាសះស្បើយទាំង ៧៥នាក់ ពេលដែលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល រយៈពេល ១៤ថ្ងៃ។ ក្នុងករណីមានបញ្ហាសុខភាពមិនប្រក្រតី ត្រូវរាយការណ៍មកអាជ្ញាធរភ្លាម ហើយត្រូវបន្តអនុវត្តន៍នូវវិធានការបង្ការ ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ ៣ការពារ ៣កុំ ឱ្យបានគ្រប់គ្នា។
ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានឧបត្ថម្ភដល់បងប្អូនទាំង ៧៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ១០ គីឡូក្រាម មី១ កេស ត្រីខកំប៉ុង១យួរ ម៉ាស ១ប្រអប់ និងថវិកា ៥ម៉ឺនរៀល ។
សូមបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ទាំង៧៥នាក់នោះ មកពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បឋមសិក្សាក្រពើហា២៨នាក់ និងអ្នកជំងឺកូវីដ-១៩ ចំនួន៤៧នាក់នៅមណ្ឌលព្យាបាលជំងឺកូវីដ -១៩ វិទ្យាល័យ វឌ្ឍនៈឈូងលាភ ៕