កណ្តាល៖ អភិបាលខេត្តកណ្ដាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាសះស្បើយពីជំងឺកូវីដ-១៩ ពេលដែលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងឲ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍មូលដ្ឋាន។
ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៥នាក់ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅមណ្ឌលសម្រាប់ព្យាបាល វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់បងប្អូន ដែលទើបជាសះស្បើយពីជំងឺកូវីដ-១៩ ពេលដែលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងឲ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាលរយៈពេល១៤ថ្ងៃ ហើយក្នុងករណីមានបញ្ហាសុខភាពមិនប្រក្រតី ត្រូវរាយការណ៍មកអាជ្ញាធរភ្លាម ហើយត្រូវបន្តអនុវត្តនូវវិធានការបង្ការ ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស ប្រសាសន៍ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ ៣កុំ ឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរដល់ ក្រុមគ្រូពេទ្យ អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ ការពារនូវសន្តិសុខ សុវត្ថិភាព ពិនិត្យ និងតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាក ព្យាបាលជំងឺកូវីដ-១៩ នៅក្នុងក្រុងតាខ្មៅ ក៏ដូចជាទូទាំងខេត្តកណ្ដាល ជាងនេះទៀត បានផ្ដល់នូវអាហារសមរម្យ ជូនពួកគាត់ទៀតផង។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានឧបត្ថម្ភដល់បងប្អូនទាំង ៧៥ នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ១០ គីឡូក្រាម មី ១ កេស ត្រីខ ១យួរ ម៉ាស់ ១ប្រអប់ និងថវិកាមួយចំនួន។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១នេះ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទូទាំងខេត្តកណ្ដាលមានអ្នក វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២,៣៧៥នាក់ បានព្យាបាលជាសះស្បើយចំនួន ១,៣៥៩នាក់ កំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កចំនួន ៩១១នាក់ និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៦,៦៩៧នាក់។