នៅរសៀលថ្ងៃ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូន កម្មករ កម្មការិនី ចំនួន២៦៨នាក់ នៅស្រុកអង្គស្នួល ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ និងបានវិលត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅផ្ទះវិញ ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានសម្ដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ២៦៨នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ដែលនេះបានបង្ហាញឱ្យឃើញនូវការសហការគ្នាបានល្អរវាងក្រុមគ្រូពេទ្យ និងបងប្អូនដែលជាអ្នកជំងឺដោយបានអនុវត្តន៍យ៉ាងត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានថ្លែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យ អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ ការពារនូវសន្តិសុខ សុវត្ថិភាព ពិនិត្យ និងតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងស្រុកអង្គស្នួល ហើយបានផ្ដល់នូវអាហារសមរម្យជូនពួកគាត់ផងដែរ។
ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូន ដែលទើបជាសះស្បើយទាំង២៦៨ នាក់ ពេលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល រយៈពេល ១៤ថ្ងៃ។ ក្នុងករណីមានបញ្ហាសុខភាពមិនប្រក្រតី ត្រូវរាយការណ៍មកអាជ្ញាធរភ្លាម ហើយត្រូវបន្តអនុវត្តន៍នូវវិធានការបង្ការ ការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ឱ្យបានគ្រប់គ្នា។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានឧបត្ថម្ភដល់បងប្អូនទាំង ២៦៨នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ម៉ាស ១ប្រអប់ និងថវិកា ៤ម៉ឺនរៀល ។
សូមបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ បានកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលទូទាំងស្រុកអង្គស្នួល នៅសល់សរុបចំនួន ៧៧៦នាក់ បានជាសះស្បើយ និងបានវិលត្រឡប់ទៅផ្ទះវិញចំនួន ៥៣៨នាក់ និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ៤.១៤១គ្រួសារ ស្មើនឹង ៩.៧៥៣នាក់ ក្នុងនោះស្រី ៥.៥៩១នាក់ ៕