នៅរសៀលថ្ងៃ អាទិត្យ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណោះសំណាលសាកសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មកចែកជូនគ្រួសារសព ចំនួន ១២នាក់ ដែលបានពុលស្រាស បណ្តាលឱ្យស្លាប់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ នៅក្នុងឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។
នាឱកាសនោះ ឯកឧត្ដម អភិបាលខេត្តកណ្តាល បានថ្លែងនូវការសោកស្តាយ និង បានចូលរួមរំលែកមរណទុក្ខដល់គ្រួសារសព ចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ និង សូមឧទ្ទិសនូវមហាកុសលដល់វិញ្ញាណក្ខន្ធសពបានដល់សុគតិភព។ ជាពិសេសឯកឧត្តមក៏បានធ្វើការលើកទឹកចិត្ត និង ផ្តាំផ្ញើដល់គ្រួសារសពត្រូវរឹងមាំ ខិតខំតធ្វើការងារ និងរកទទួលទាន ដើម្បីលើកស្ទួយជីវភាពគ្រួសារ គ្រប់គ្រងកូនចៅឱ្យបានល្អ ឱ្យកូនៗបានចូលរៀនគ្រប់ៗគ្នា និងត្រូវបន្តរក្សាអនាម័យតាមវិធានសុខាភិបាលដើម្បីចៀសផុតពីជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា អំណោយដែល ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចែកជូនដល់គ្រួសារសព ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូ ក្រាម ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប្រេងឆា១ដប មី១កេស ទឹកបរិសុទ្ធ១កេស ទឹកក្រូច១កេស ជែលលាងដៃ១ដប ម៉ាស១០បន្ទះ និងថវិកា ៥០ម៉ឺនរៀល ៕