ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកា និងសម្ភារៈមួយចំនួន ពីលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី និងនាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី និងនាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។
ឯកឧត្តម បន្តថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។
ថវិកា និងសម្ភារៈ ដែលសប្បុរសជននាំយកជូនសាខាកាកបាទក្រហមខេត្តកណ្ដាលរួមមាន៖
១.លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ថវិកាចំនួន ១០,០០០$ ម៉ាសចំនួន ៥០កេសធំ ស្ព្រៃសម្លាប់មេរោគ ចំនួន ១០០០ដប។
២.នាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ថវិកាចំនួន ២០,០០០,០០០រៀល។។