លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំកុមារកំព្រា ខេត្តស្វាយរៀង ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ១មិថុនា, ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ នៅព្រឹកថ្ងៃ អង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅខេត្តស្វាយរៀង។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែនឹករលឹកដល់កុមារកំព្រា ដែលបាននិងកំពុងស្នាក់នៅគ្រប់ មណ្ឌលថែទាំ កុមារកំព្រានៅខេត្ដស្វាយរៀងនេះ និងក៏ដូចនៅទូទាំងប្រទេសផងដែរ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានធ្វើការផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សាអនាម័យក្នុងការរស់នៅ ត្រូវចៀសឱ្យផុតពីគ្រឿង ញៀន និងត្រូវប្រឹងប្រែងខិតខំរៀនសូត្រ។ ចំណែក លោកគ្រូ អ្នកគ្រូវិញត្រូវបន្ថែម ការយកចិត្តទុកដាក់ក្នុងការថែទាំ និង ធ្វើការអប់រំកុមារ ដែលបានរស់នៅក្នុងមណ្ឌលស្វាយ រៀងនេះឱ្យដូចជាកូនបង្កើតរបស់ខ្លួនផងដែរ។ ជាពិសេស អ្នកគ្រូ និងសិស្សទាំងអស់គ្នាត្រូវ គោរពតាមវិធានរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល គឺ ៣ការពារ និង ៣កុំ ដើម្បីចៀសផុតពីការឆ្លងនូវជំងឺកូវីដ១៩ ខណៈដែលពិភពលោក និងប្រទេសកម្ពុជាក៏បាន និងកំពុងប្រឈមយ៉ាងខ្លាំង។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភដល់មណ្ឌលកុមារកំព្រាចំនួន ១លានរៀល និងឧបត្ថម្ភដល់កុមារកំព្រាចំនួន៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងអំណោយ ១កញ្ចប់ផងដែរ។ ចំណែកឯអ្នកគ្រូថែទាំសិស្ស ចំនួន០៧នាក់ ក្នុងម្នាក់ៗទទួល បានថវិកា១២ម៉ឺនរៀល។
ជាមួយគ្នានោះដែរ លោកជំទាវក៏បានប្រគល់ជូនមណ្ឌលកុមារកំព្រាសម្រាប់ ប្រើប្រាស់ប្រចាំថ្ងៃនូវ អង្ករ ១៥០គីឡូក្រាម មីម៉ាម៉ា ២កេសធំ ត្រីខ ២០០កំប៉ុង ទឹកស៊ីអ៊ីវ ៧២ដប ទឹកត្រី ៣០ដប ទឹកដោះគោ ៤១កេសតូច ម៉ាស ១៥.០០០ម៉ាស និងចេកផងដែរ៕