នាថ្ងៃ អង្ការ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្តកម្ពុជា បានមានប្រសាសន៍ ស្នើឱ្យសហរដ្ឋអាមេរិក ជាពិសេសឯកឧត្ដមប្រធានាធិតី ចូ បៃដិន ពិនិត្យពិចារណាដោះស្រាយបញ្ហាបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេភាគី។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានថ្លែងដូចច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកជំទាវ Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងខណៈដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបនោះដែរ លោកជំទាវ Wendy R. Sherman បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីពាំនាំយកលិខិតរបស់ឯកឧត្ដមប្រធានាធិបតីសហរដ្ឋអាមេរិក គោរពជូនសម្ដេចតេជោដោយផ្ទាល់។ លោកជំទាវបានបន្តថា នេះគឺជាបំណងរបស់ឯកឧត្ដមប្រធានាធិបតី ចូ បៃដិន ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗមានភាពល្អសម្រាប់ប្រទេសទាំងពីរ។ លោកជំទាវ Wendy R. Sherman ក៏បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នាពេលកន្លងមកលើវិស័យជាច្រើន ជាពិសេស លើវិស័យការរុករកអដ្ឋិធាតុទាហ៊ានអាម៉េរិកដែលបានបាត់ខ្លួននៅកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជាការអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅលើនាវា ដែលប្រទេសដទៃទៀតមិនអនុញ្ញាតឱ្យចូលចត ដោយបញ្ហាជំងឺកូវី-១៩។ លើសពីនោះទៀត លោកជំទាវ ក៏បានអនុញ្ញាតជម្រាបជូនសម្ដេចតេជោផងដែរ អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលរួមមានទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិក លើបញ្ហាទឹក ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃៗជាច្រើនទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះអ្វីដែលលោកជំទាវ Wendy R. Sherman បានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិកបានចូលរួមចំណែកជួយដល់កម្ពុជា ដែលរួមមានការចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិកជួយដល់កម្ពុជា ដោយផ្ទាល់ និងដោយប្រយោល តាមរយៈអង្គការ WHO ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការអបអរសាទរជូនដល់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ បានជោគជ័យ ដែលជាការឆ្លុះបញ្ចាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺមានការចុះថយនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកគួរជាទីកត់សម្គាល់។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ជូនលោកជំទាវ Wendy R. Sherman ផងដែរ នូវអ្វីដែលលោកជំទាវបានលើកឡើង ជាពិសេសការដោះស្រាយបញ្ហាបំណុល ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យសហរដ្ឋអាមេរិក ជាពិសេសឯកឧត្ដមប្រធានាធិតី ចូ បៃដិន ពិនិត្យពិចារណាដោះស្រាយបញ្ហាបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេភាគី ដោយអនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលនេះ ទីមួយៈ តាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ ទីពីរៈ សងបំណុលតាមកម្មវិធីដែលមានការប្រាក់ត្រឹម១ភាគរយ និងទីបីៈ បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនោះ គឺសំណងចំនួន៧០ភាគរយត្រូវបង្វិលជាជំនួយមកកាន់កម្ពុជាវិញ ទៅលើវិស័យអប់រំ វប្បធម៌ ការដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម។ សម្ដេចតេជោ ក៏បានស្នើឱ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការ លើការបញ្ជូនជនជាតិកម្ពុជាត្រឡប់មកពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ។
ជាការឆ្លើយតប លោកជំទាវ Wendy R. Sherman បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីរាល់កិច្ចសហប្រតិបត្តិការទាំងឡាយ ហើយលោកជំទាវ ក៏បានសន្យាថា អ្វីដែលជាការលើកឡើងជាសំណើរបស់សម្ដេចតេជោ លោកជំទាវនឹងពាំនាំទៅជូនឯកឧត្ដមប្រធានាធិបតីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា ដំណើទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកជំទាវ Wendy R. Sherman ដែលមកកាន់កម្ពុជានេះ ស្ថិតនៅក្នុងផ្នែកមួយ នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ រយៈពេល១០ ថ្ងៃ នៅក្នុងប្រទេសជាច្រើនទៀត ដូចជាប្រទេសបែលហ្ស៊ិក តួកគី ឥណ្ឌូណេស៊ី កម្ពុជា ថៃ ជាដើម ដោយចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១៕