ភ្នំពេញ៖ ថ្ងៃ ព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១
ថវិកាចំនួន៣០ម៉ឺនដុល្លារអាម៉េរិក ដែលជាថវិកា របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានផ្ដល់ជូនឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីនាំយកថវិកាទាំងនេះជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗ ជាពិសេសបងប្អូនដែលរងគ្រោះដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ នៅរាជធានីភ្នំពេញ។ ក្នុងពិធីប្រគល់និងទទួលថវិកានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងឧបត្ថម្ភថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាបន្តបន្ទាប់ និងសូមប្តេជ្ញាប្រើប្រាស់ថវិកាដ៏ថ្លៃថ្លានេះឱ្យចំទិសដៅប្រកបដោយប្រសិទ្ធភាព និងមានតម្លាភាព។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ប្តេជ្ញាចិត្តរួបរួមគ្នាធ្វើកិច្ចការងារមនុស្សធម៌ឱ្យបានល្អប្រសើរដើម្បីឧត្តមភាពនៃកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងខិតខំប្រឹងប្រែងស្វែងរកចំណូលថវិកាបន្ថែមទៀតដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកឡើងអំពីការបំពេញការងារជួយដល់ប្រជាពលរដ្ឋ បើទោះបីជាក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ ក៏ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ បានកែប្រែភាពភ័យខ្លាចទៅជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះបានបង្ហាញពីសក្កានុពល និងជាមោទនភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានរួបរួមកម្លាំងសាមគ្គីគ្នា ក្នុងការជួយដល់ប្រជាពលរដ្ឋប្រមាណជាង ៤៥ម៉ឺនគ្រួសារ ឱ្យទទួលបានស្បៀងអាហារសម្រាប់បរិភោគក្នុងកាលៈទេសៈដ៏លំបាក។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាបាន ពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជា រាជធានី ភ្នំពេញ ជាពិសេសក្នុងការចូលរួមជាមួយទីស្នាក់ការកណ្តាល ដើម្បីរៀបចំទិវា ៨ ឧសភា នាពេលកន្លងមកប្រកបដោយភាពរលូន។ លោកជំទាវអគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសាខា ក៏ដូចជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ ឯកឧត្តម ឃួង ស្រេង ដែលបានដឹកនាំកម្លាំងសរុប និងប្រើប្រាស់មធ្យោបាយសរុបក្នុងរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ជួយដល់ដំណើរការចាក់វ៉ាក់សាំង និងផ្តល់ស្បៀងជូនដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារការបិទខ្ទប់រាជធានីភ្នំពេញនាពេលកន្លងមក៕