ភ្នំពេញ៖ ថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១
។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានសម្តែងនូវក្តីបារម្ភ បន្ទាប់ពីវីរុសបំប្លែងថ្មីប្រភេទ B.1.617 ត្រូវបានរកឃើញលើពលរដ្ឋកម្ពុជា ដែលបានធ្វើដំណើរត្រលប់មកពីប្រទេសថៃ
។
លោកជំទាវបង្ហាញក្តីបារម្ភនេះ តាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) នាព្រឹកថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០២១ ដោយលោកជំទាវបានសង្កត់ធ្ងន់ថា ៖ “ការរកឃើញវីរុសបំប្លែងថ្មី B.1.617 លើពលរដ្ឋកម្ពុជាដែលធ្វើដំណើរមកពីប្រទេសថៃនេះ គឺជាការបារម្ភមួយ ព្រោះថាវាអាចនឹងចរាចរលឿនជាងអ្វីដែលយើងរំពឹងទុក។ ហេតុដូច្នេះហើយ យើងត្រូវតែចាត់វិធានការការពារភ្លាមៗ និងអនុវត្តដោយយកចិត្តទុកដាក់បំផុត ដើម្បីការពារការចម្លងវីរុសបំប្លែងថ្មីនេះ”
។
លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តអនុវត្តវិធានការដែលដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ “៣ការពារ និង៣កុំ” ជាបន្តទៀត រួមជាមួយនឹងវិធានការផ្សេងៗទៀត ដែលដាក់ចេញដោយក្រសួងសុខាភិបាល ព្រោះថា វីរុសបំប្លែងថ្មី B.1.617 ដែលបានរកឃើញដំបូងនៅប្រទេសឥណ្ឌា គឺមានភាពឆ្លងខ្លាំងជាង និងគ្រោះថ្នាក់ខ្លាំងជាង ហើយជាប្រភេទវីរុសដែលពិភពលោកកំពុងតែព្រួយបារម្ភបំផុត ខណៈវីរុសបំប្លែងថ្មី B.1.617 គ្រោះថ្នាក់ជាង វីរុសដែលមិនទាន់បំប្លែងខ្លួន ហើយសម្រាប់កម្ពុជាយើង គឺមានការរកឃើញវីរុសនេះ ចំនួន ០៤ករណីមកហើយ ដោយករណីទី១ ត្រូវបានព្យាបាលជាសះស្បើយកាលពីខែមេសាកន្លងមក
។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃម្សិលមិញ កម្ពុជា បានរកឃើញវីរុសបំប្លែងថ្មី B.1.617 លើពលរដ្ឋកម្ពុជាចំនួន ០៣នាក់ ដែលបានធ្វើដំណើរមកពីប្រទេសថៃ តាមច្រកផ្លូវគោក ហើយអ្នកវិជ្ជមានវីរុសបម្លែងថ្មីទាំង ៣នាក់នេះ បាននិងកំពុងសម្រាកព្យាបាលដាច់ដោយឡែកពីគ្នា នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យនៅខេត្តបាត់ដំបងរួចហើយដែរ៕
0
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ សូមបន្តអនុវត្តឱ្យបានហ្មត់ចត់នូវវិធានការ ៣ការពារ និង០៣កុំ ខណៈវីរុសបំប្លែងថ្មីប្រភេទ B.1.617 ត្រូវបានរកឃើញលើពលរដ្ឋត្រលប់ចូលមកកម្ពុជាតាមច្រកព្រំដែនថៃ
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: ព័ត៌មានជាតិ