ភ្នំពេញ៖ ថ្ងៃ ពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១
។
ក្នុងសារជាសំឡេងបន្ទាន់ នៅព្រលប់ថ្ងៃទី៩ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឲ្យអភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បងនោះឡើយ
។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការរៀបចំលិខិតផ្លូវការទៅកាន់ គជប ដើម្បីស្នើឲ្យលុបចោលគម្រោងរៀបចំសាកល្បងបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះផងដែរ។ មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ រាប់រយនាក់ក្នុង១ថ្ងៃៗនៅឡើយ
។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅកាន់អភិបាលរាជធានីខេត្តទាំងអស់ថា សូមកុំប្រមូលផ្តុំប្រជាពលរដ្ឋ មកធ្វើការបណ្តុះបណ្តាលរៀនសូត្របោះឆ្នោត ព្រោះក្នុងពេលនេះ គ្មានការចាំបាច់ទាល់តែសោះ ដោយសារតែប្រទេសយើង មានអ្នកឆ្លងកូវីដ រាប់រយនាក់ ក្នុង១ថ្ងៃៗ
។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍លើកឡើងថា យើងគោរពឯករាជ្យភាពរបស់គជប តែគជប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងសម្ពាធពីការវ៉ៃលុករបស់កូវីដផង និងការស្តារសេដ្ឋកិច្ចឡើងវិញផង៕