ភ្នំពេញ៖ ថ្ងៃចន្ទ ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១
។
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសាងស្នាដៃប្រកបដោយការទទួលស្គាល់ ពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស គាំទ្រ ចំពោះការរៀបរយសណ្ដាប់ធ្នាប់ ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេ នៃភូមិសាស្ត្ររាជធានីភ្នំពេញ
។
ជាក់ស្តែងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបា ល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបន្តដឹកនាំកម្លាំងចម្រុះ ចុះតាមដងទន្លេក្នុងភូមិសាស្ត្រខណ្ឌ ធ្វើការណែនាំ ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្រខណ្ឌ
។
ដោយឡែក លោក ឃ្លាំង ហួត អភិបាលនៃគណ:អភិបាលខណ្ឌជ្រោយចង្វារចង្វារ បានថ្លែងថា , យើងចូលរួមការពារបរិស្ថានទន្លេទាំងអស់គ្នា លាមក(អាចម៍) នោម ជារបស់កខ្វក់ក្នុងទន្លេ គឺបំផ្លាញសុខភាពខ្លួនយើង គ្រួសារយើង ប្រជាជនយើង
។
លោក ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌប្ញស្សីកែវ មានប្រសាសន៍ថា នៅថ្ងៃ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះអនុវត្តន៍វិធានការរដ្ឋបាលរុះរើផ្ទះបណ្តែតទឹក និងអាជីវកម្មបែចិញ្ចឹមត្រី ដែលមិនរៀបរយទាំងអស់នៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្តសង្កាត់ទាំង៦ នៃខណ្ឌប្ញស្សីកែវ។ ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើចេញដោយខ្លួនឯង តាមការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយក៏សូមអរគុណដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងអស់ ដែលបាននិងកំពុងអនុវត្តន៍តួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈានឆ្ពោះទៅសម្រេចកិច្ចការខាងលើនេះបានដោយជោគជ័យ
។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីជូនដំណឹងនេះតទៅ
។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធា រណជនទាំងអស់ជ្រាបថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបៃចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និង សំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់ យ៉ាងអនាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ
។
ចំពោះមុខដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញតម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះទូកតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ដោយទុករយៈពេល ០១(មួយ)សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្តីជូនដំណឹងនេះតទេ
។
ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាល ដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ។ ក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់
។
ទន្ទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យបងប្អូនប្រជាពលរដ្ឋប្ដូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹមត្រីតាមស្រះវិញ
។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុត មាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែត ទឹក ម្ចាស់ផ្ទះទូកតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លទាំងអស់ នឹងចូលរួមអនុវត្តន៍តាមខ្លឹមសារសេចក្ដីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍រួមរបស់រាជធានីភ្នំពេញ៕