នៅព្រឹកថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១
។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានចាត់ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជា ជាតំណាងអញ្ជើញ បូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា និងនាំយកទេយ្យវត្ថុ និងបច្ច័យ ទៅថ្វាយប្រគេន និងប្រគេនសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទាំងពីរគណៈ សម្តេចព្រះសង្ឃ និងព្រះសង្ឃ គង់នៅវត្តចំនួន៩ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល
។
ពិធីនេះ ប្រារព្ធឡើងដើម្បីអបអរសាទរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា របស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាក បាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ
។
ប្រភពពីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា ថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហម កម្ពុជារួមមាន៖
១.លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទ ក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេន និងប្រគេន សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ និងព្រះសង្ឃ គង់នៅវត្តឧណ្ណាលោម និងវត្តបទុមវតីរាជវរារាម (ធម្មយុត្តិកនិកាយ) ស្ថិតនៅរាជធានី ភ្នំពេញ
។
២. លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេន និងប្រគេន សម្តេចព្រះសង្ឃ និងព្រះសង្ឃ គង់នៅវត្តបទុមវតីរាជវរារាម (មហានិកាយ) និងវត្តលង្កាព្រះកុសុមារាម ស្ថិតនៅរាជធានីភ្នំពេញ
។
៣. លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេន សម្តេចព្រះសង្ឃ និងព្រះសង្ឃ គង់នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតនៅរាជធានីភ្នំពេញ
។
៤. ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតនៅខេត្តកណ្តាល
។
៥. លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេន សម្តេចព្រះសង្ឃ និងព្រះសង្ឃ គង់នៅវត្តសុវណ្ណមុនីសាគរ (ហៅវត្តសំរោងអណ្តែត) ស្ថិតនៅរាជធានីភ្នំពេញ
។
៦. ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅវត្តសុគន្ធមានបុណ្យ និងវត្តអរិយកស្សប ស្ថិតនៅខេត្តកណ្តាល
។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា ទាំងអស់ សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជអំណរ សាទរដោយក្តីសោមនស្សរីករាយ និងសូមលំឱនកាយបួងសួងថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គល គ្រប់ប្រការ សូម សម្តេចព្រះមហាក្សត្រី ជាអម្ចាស់ជីវិត ទ្រង់ស្តេចព្រះប្រកបដោយ ព្រះរាជសុខភាព និងព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់វាងវៃ ព្រះជន្មាទីឃាយុយឺនយូរដល់រយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់ជាម្លប់ត្រជាក់ត្រជំ ប្រទានប្រជាពលរដ្ឋជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ជ្រកកោន ដោយក្តីសុខដុមរមនាអស់កាលដ៏យូរអង្វែងតរៀងទៅ
។
សូមបញ្ជាក់ថា ទេយ្យវត្ថុដែលប្រគេនវត្តនីមួយៗមានដូចជា៖ អង្ករ ១តោន, មី ១០កេស, ត្រីខ ២កេស, ស្ករស ២៥គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកដោះគោខាប់ ២កេស, កាហ្វេកញ្ចប់ ២កេស, អូរវ៉ាន់ទីន ២កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, មៀនកំប៉ុង ២កេស, ផ្លែឈើស្រស់ ២កន្ត្រក, ផ្កាស្រស់ ២កន្ត្រក និងបច្ច័យចំនួន ១០លានរៀល។ ថ្វាយប្រគេន និងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចសង្ឃ និងព្រះចៅអធិការវត្ត ក្នុងវត្តនីមួយៗនូវ សាដក ១, ចង្ហាន់ ១ស្រាក់, បង្អែម ១ស្រាក់តូច និងបច្ច័យ ១លានរៀល។ ប្រគេនព្រះសង្ឃ ៤អង្គ ក្នុងមួយវត្ត ដោយក្នុង១អង្គៗនូវ សាដក ១, ចង្ហាន់ ១ស្រាក់, បង្អែម ១ស្រាក់តូច និងបច្ច័យ ២០ម៉ឺនរៀល៕