កំពង់ចាម៖ ថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១
។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានក្រើនរម្លឹកដល់អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការងារ និងវិធានការការពារ បង្ការទប់ស្កាត់ការឆ្លងរីករាលដាលជឺងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ភូមិ ឃុំ នៃស្រុកកោះសូទិន ខេត្ដកំពង់ចាម ឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត។ ការក្រើនរម្លឹករបស់ឯកឧត្ដមរដ្ឋមន្ដ្រីនេះ ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុងភូមិ ឃុំ នានា នៃស្រុកកោះសូទិនខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១
។
ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់ទាំងអស់ ត្រូវថែរក្សា និងការពារខ្លួនឯងជាចាំបាច់ផងដែរ តាមរយៈ ៣ កុំ ៣ ការពារ ដែលជាវិធាន ការល្អបំផុតកុំឱ្យឆ្លងជំងឺកូវីដ-១៩
។
បើតាមការបញ្ជាក់របស់ លោក យី វណ្ណៈ អភិបាលនៃគណៈអភិបាល ស្រុកកោះសូទិន ខេត្តកំពង់ចាម បានឱ្យដឹងថា ចាប់តាំងពីមានការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នេះមក សម្រាប់ស្រុកកោះសូទិន មានអ្នកឆ្លងចំនួន ២៨ នាក់ ក្នុងនោះជាសះស្បើយបានចំនួន ០៥ នាក់ ហើយអ្នកឈឺកំពុងសម្រាកព្យាបាលនៅខេត្តកំពង់ចាម។ លោកបានបន្ដថា សម្រាប់អ្នកដែលធ្វើ ចត្តាឡីស័ក នៅតាមផ្ទះ តាំងពីមុន មកដល់ពេលនេះ មានចំនួន ១៦៥ នាក់ ហើយត្រូវបានអាជ្ញាធរ ធ្វើការណែនាំមិនឱ្យចេញពីផ្ទះនោះទេ
។
លោកអភិបាលស្រុកបានបន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានការជាប់ ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ-១៩ ហើយត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះបានទទួលអំណោយជាស្បៀង អាហារ ពីឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ជាបន្តបន្ទាប់ រួចមកហើយ និងបន្តផ្តល់ជូនបន្ថែមទៀត
។
សូមបញ្ជាក់ថា ការនាំយកស្បៀងអាហារនេះ រួមមាន អង្ករ ៦០០ គីឡូក្រាម មី ២៤ កេស ត្រី ខ ២៤ យួរ ទឹកស៊ីអ៊ីវ ២៤ យួរ និងទឹកត្រី ២៤ យួរ មកប្រគល់ជូនដល់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុងភូមិ ឃុំ នានា នៃស្រុកកោះសូទិន៕