ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការចាប់ខ្លួនសកម្មជន៣រូប គឺអនុវត្ដតាមច្បាប់ បន្ទាប់ពីពួកគេមានបំណង និងចេតនាបង្កឲ្យមានអសន្ដិសុខនៅក្នុងសង្គម
។
ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា របស់លោក ជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណិត្តិ ការទូតនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២៣ ខែមិថុនា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ចំពោះការចាប់ខ្លួនសកម្មជន៣រូបនេះ គឺអាជ្ញាធរមានសមត្ថកិច្ចមានភស្តុតាងជាក់លាក់ច្បាស់លាស់ ទៅលើសកម្មភាព ដែលពួកគេបានប្រព្រឹត្តកន្លងមក ដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តច្បាប់ ទៅលើសកម្មភាពដែលច្បាប់ ហាមឃាត់ និងច្បាប់ផ្ដន្ទាទោសនោះទេ។ ការលើកឡើងបែបនេះ បន្ទាប់ពីលោកជំទាវឯកអគ្គរដ្ឋទូតបារាំងបានស្នើសុំព័ត៌មាន និងការយល់ឃើញបន្ថែមពីសម្ដេចក្រឡាហោម ពាក់ព័ន្ធនឹងបញ្ហាចាប់ខ្លួនសកម្មជនបរិស្ថានចំនួន៣រូបកាលពីពេលថ្មីៗនេះ
។
ជាមួយគ្នានេះ លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងបានថ្លែងអំណរគុណសម្ដេចក្រឡាហោម ចំពោះការផ្ដល់ព័ត៌មានពាក់ព័ន្ធ ទៅនឹងករណីខាងលើនេះ និងបានជម្រាបជូនសម្ដេចក្រឡាហោមថាមុននឹងបញ្ចប់អាណត្តិការទូតនៅកម្ពុជា លោកជំទាវសូមអះអាងថា ឯកអគ្គរដ្ឋទូតបារាំងដែលនឹងបន្តអាណត្តិក្រោយ នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជា និងស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ
។
សម្ដេចក្រឡាហោម ស ខេង ក៏បានជូនពរលោកជំទាវសម្រេចបានជោគជ័យក្នុងការបំពេញបេសកកម្មបន្តបន្ទាប់ទៀត ហើយរាជ រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយ ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង ៕