ពញាឮ៖ក្នុងពិធីដាំកូនឈើ អបអរសាទរ រុក្ខទិវា៩កក្កដា ដែលរៀបចំដាំនៅតាមខ្នងទំនប់ បឹងព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ និងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចឃុំស្វាយអំពារ ស្រុកមុខកំពូល កាលពីថ្ងៃទី២៥មិថុនានេះ ឯកឧត្ដម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានបំផុសស្មារតីប្រជាពលរដ្ឋអោយដល់ដឹង អំពីគុណប្រយោជន៍ នៃដើមឈើ ព្រោះវាមិនគ្រាន់តែ មានតួនាទីជួយថែបរិស្ថាន បង្កើនទេសភាព សោភណ័ភាពបង្កើតម្លប់ព៌ណបៃបង សំរាប់ជីវិតមនុស្សសត្វ ប៉ុណ្ណោះទេ ប៉ុន្តែវាគំរបនិងជារបាំងការពារគ្រោះធម្មជាតិ បញ្ជៀសការហានិភយ័ ដល់ជីវិត មនុស្សជាតិ លើភពផែនដីទៀតផង
។
ឯកឧត្តម អភិបាលខេត្ត សង្កត់ធ្ងន់ថា៖ ការដាំដើមឈើនាឱកាសនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្ដែងនូវការយកចិត្ដទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតែបានជម្រុញការអភិវឌ្ឍន៍តំបន់បៃតងនៅតាមបណ្តារខេត្ត ក្រុង-ស្រុក នីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក “ដាំដើមឈើផ្តើម ចេញពីអ្នក” ឬ “ទេសចរម្នាក់ ដើមឈើមួយដើម” ” ONE TOURIST ONE TREE
។
គួរបញ្ជាក់ថា៖ ការដាំដើមឈើ អបអរសាទរ រុក្ខទិវា ៩កក្កដាឆ្នាំ២០២១នេះ អាជ្ញាធរ ខេត្តកណ្តាល បានជ្រើសរើសការដាំដើមឈើនៅតាមខ្នងទំនប់បឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) រួមមានឥន្ទនេល សាគូរ៉ា(ដើមធំ) និងដើមក្ងោក សរុបចំនួន៣២៨ដើម
។
ក្នុងឱកាសនេះ ឯកឧត្ដម អភិបាលខេត្តជំរុញឱ្យ អាជ្ញាធរគ្រប់មូលដ្ឋានក្រុង ស្រុកទាំងអស់ បន្តយកចិត្តទុកដាក់រៀបចំជាផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយសម្រាប់ធ្វើការដាំដើមឈើ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែឱ្យបានគ្រប់ទីកន្លែងផងដែរ ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យ បានដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។