ភ្នំពេញ÷សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់ថវិកាចំនួន១លានដុល្លារបន្ថែមទៀត ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់ក្នុងជំហានទី២
។
ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការរស់នៅរបស់ក្រុមអតីតយុទ្ធជន។ ក្នុងពិធីចុះហត្ថលេខាប្រគល់ថវិកាកាកបាទក្រហមកម្ពុជា ចំនួន១លានដុល្លារសហរដ្ឋអាមេរិក (ជំហានទី២) ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់សាងសង់ផ្ទះជូនយុទ្ធជនមានពិការភាព កាលពីថ្ងៃទី៦ ខែកក្កដា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា
។
លោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា មាន ប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាជំហានទី២ ចំនួន១លានដុល្លារអាមេរិក សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់ ដែលបងប្អូនទើបទទួលបានសម្បទានដីសង្គមកិច្ចពីរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខដឹកនាំ
។
លោកជំទាវបានបញ្ជាក់ថា ការផ្តល់ថវិកាសម្រាប់សាងសង់ផ្ទះជូនយុទ្ធជនមានពិការភាពនាពេលនេះ ដោយពិនិត្យមើលឃើញពីការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ ដែលអាចមានលំនៅឋានរស់នៅបានសមរម្យ ពិសេសអាចធ្វើកសិកម្ម ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថៃ្ង
។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា និងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ចំពោះជំនួយនិងការចូលរួមដ៏ថ្លៃថ្លានេះដែលជាការរួមចំណែក ដោះស្រាយទុក្ខលំបាករបស់បងប្អូនអតីតយុទ្ធជន ដែលបង្ហាញ នូវ កាយវិការ ប្រកបដោយមនុស្សធម៌ ដែល សម្តេច តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មាន សុខភាពល្អ និងជីវភាពរស់នៅកាន់តែប្រសើរឡើងជាលំដាប់ ៕