ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា កម្ពុជាជាប្រទេសដែលបោះជំហានទៅមុខក្នុងការចួលរួមចំណែកសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារ ទាំងកម្ពុជា ក៏ដូចជាពិភពលោកផងដែរ។ ការលើកឡើងរបស់សម្តេចក្រឡាហោមនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ផ្សព្វផ្សាយផែនការសកម្មភាព ដើមី្បបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឆ្នាំ២០២១-២០២៥» តាមប្រព័ន្ធអនឡាញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១
។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ជាការពិត ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ជាបញ្ហាសកល ហើយពិភពលោកកំពុងតែយកចិត្តទុកដាក់ និងរួមគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពានក្នុងបរិបទប្រព័ន្ធបច្ចេក វិទ្យា ព័ត៌មាន ដែលក្នុងនោះ កម្ពុជាជាប្រទេសដែលបោះជំហានទៅមុខក្នុងការចួលរួមចំណែកសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារ ទាំងកម្ពុជា ក៏ដូចជាពិភពលោកផងដែរ
។
សម្តេចក្រឡាហោមបានបន្តថា បន្ទាប់ពីកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងលើពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ព្រមទាំងលើពិធីសារបន្ថែម ស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះ ប្រដាប់អាវុធ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០២រួចមក រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានទាំងនោះ ដោយខិតខំដាក់បញ្ចូលខ្លឹមសារពាក់ព័ន្ធទៅក្នុងច្បាប់ គោលនយោបាយ ផែនការនានា សំដៅពង្រឹងកិច្ចការពារកុមារពីភាពរងគ្រោះទាំងឡាយឱ្យកាន់តែល្អប្រសើរ
។
សម្ដេចក្រឡាហោមបានកត់សម្គាល់ ឃើញថា ស្របពេលនឹងវិបត្តិកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរឹតតែមានសារៈសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំងការសិក្សាអប់រំរបស់កុមារ និងយុវជន យុវនារី ទាំងនៅទីក្រុង ទាំងជនបទ
។
ប៉ុន្តែក៏កើតមានជ្រុងអវិជ្ជមានតាមរយៈការប្រើប្រាស់ខុសគោលដៅ និងដោយមានការជ្រៀតចូលពីក្រុមឧក្រិដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ និងការអភិវឌ្ឍ ដោយបង្កើតឱ្យមានការកេងប្រវ័ញ្ច និងឧក្រិដ្ឋកម្មគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជា៕