កណ្តាល៖ ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
។
នៅថ្ងៃ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គា ទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាល ចំនួន០៥ប្រធានបទ ពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ តាមប្រព័ន្ធ អនឡាញ (Zoom)
។
ប្រធានបទចំនួន០៥ ដែលត្រូវបានលើកបង្ហាញក្នុងសិក្ខាសាលា រួមមាន៖ ទី១-ការផ្សព្វ ផ្សាយប្រកាសលេខ៣៨៤០ប្រ.ក ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ «ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំសង្កាត់» និងការផ្សព្វផ្សាយ «សៀវភៅណែនាំស្តីពីកិច្ចការពារកុមារនៅឃុំ-សង្កាត់» ព្រមទាំងការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៥៥ស.ណ.ន ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ «ស្តីពីការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ របស់រដ្ឋបាលឃុំ-សង្កាត់»
។
ទី២-ផ្សព្វផ្សាយលិខិតលេខ០១៤៩ផក.ប្រក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ «ស្តីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំនិងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់»
។
ទី៣-វគ្គបណ្តុះបណ្តាល«ស្តីពីការបញ្ចូលប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ» ដោយកន្លងមក ទីចាត់ការផែនការនិងវិនិយោគខេត្ត ជាអ្នកបញ្ចូលទិន្នន័យជូន តែបច្ចុប្បន្នត្រូវអនុវត្តន៍ដោយរដ្ឋបាលសាម៉ី
។
ទី៤- វគ្គបណ្តុះបណ្តាល «ស្តីពីកម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ» ការងារថ្មី អនុវត្តន៍សាកល្បងចំនួន០៧ រាជធានី ខេត្តគោលដៅ (រាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប បាត់ដំបង ព្រះសីហនុ រតនគិរី និងខេត្តក្រចេះ) ទៅលើរដ្ឋបាលឃុំ-សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។ និងទី៥-វគ្គបណ្តុះបណ្តាល «ស្តីពីការអនុវត្តការងារសេវាសង្គមនៅថ្នាក់ក្រុងស្រុក និងឃុំសង្កាត់»
។
សិក្ខាសាលា និង វគ្គបណ្តុះបណ្តាលនេះមាន គោលបំណង គឺដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក និងឃុំ-សង្កាត់ ដែលជាអ្នកអនុវត្តន៍ផ្ទាល់ កាន់តែយល់ដឹងបានច្បាស់ នូវខ្លឹមសារសំខាន់ៗ និងដំណើរការនៃការអនុវត្តការងារនីមួយៗ ស្របតាមការកំណត់៕