កណ្ដាល៖ លោក ខុន សេរីរដ្ឋា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អមដំណើរដោយ លោក នូ សុវណ្ណរិទ្ធ អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក នៅរសៀលថ្ងៃសុក្រទី៣០ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមសម្រាប់សាងសង់អាគារប៉ុស្ដិ៍រដ្ឋបាលនគរបាលបែកចាន ស្ថិតនៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល
។
នាឱកាសនោះដែរលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួលបានឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាដឹងថា ទីតាំងត្រៀមសម្រាប់សាងសង់អាគារប៉ុស្ដិ៍រដ្ឋបាលនគរបាលបែកចានថ្មីគឺនៅចំណុចដីរួមឃុំបែកចាន ស្ថិតនៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល
។
លោកអភិបាលស្រុកបានឱ្យដឹងទៀតថា ចំពោះការលើកឡើងរបស់ក្រុមមនុស្សមួយចំនួនដែលបានចោទប្រកាន់មកលើរដ្ឋបាលស្រុកថា យកដីរួមឃុំទៅពុះជាដីឡូត៍ដើម្បីលក់ដូរនោះ គឺមិនមែនជាការពិតទេ ប៉ុន្តែជាចរិកញុះញង់ បំបែកបំបាក់ បំផ្លើសបំភ្លៃ បំប៉ោងព័ត៌មានធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានទៅវិញនោះទេ
។
លោក ខុន សេរីរដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា ការចុះពិនិត្យទីតាំងដីរួមឃុំដើម្បីត្រៀមសាងសង់អាគារប៉ុស្ដិ៍រដ្ឋបាលនគរបាលបែកចានថ្មីនេះ ដោយមើលឃើញថា អាគារប៉ុស្ដិ៍រដ្ឋបាលនគរបាលបែកចានចាស់គឺស្ថិតនៅសំយ៉ាប់សាលាឃុំបែកចាន ដែលមានទំហំតូចចង្អៀត ពិបាកក្នុងការបំពេញភារកិច្ចក៏ដូចជាផ្ដល់សេវាផ្សេងដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំ ទើបលោករួមជាមួយគណៈបញ្ជាការឯកភាពស្រុកអង្គស្នួល និងដោយមានការស្នើសុំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលក៏បានសម្របសម្រួលឯកភាពគ្នាស្នើសុំថ្នាក់លើដើម្បីពិនិត្យលទ្ធភាពនឹងផ្ដល់ទីតាំងដីរួមឃុំមួយកន្លែងនេះមកសាងសង់អាគារប៉ុស្ដិ៍រដ្ឋបាលនគរបាលបែកចានថ្មី មានទំហំធំ ទូលាយជាងមុន ងាយស្រួលបំពេញភារកិច្ច និងផ្ដល់សេវាសន្តិសុខ សណ្ដាប់ធ្នាប់ ការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងផ្ដល់សេវាផ្សេងៗឲ្យកៀកកិត ឆាប់រហ័ស និងមានប្រសិទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំបែកចាន
។
ជាថ្មីម្ដងទៀត លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណៈជន សូមកុំមានការភាន់ច្រឡំ និងសូមបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ុំ ៣ការពារ៕