ថ្ងៃ អាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២១
។
សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១នេះ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ដែលពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យនេះ ធ្វើឡើងនៅវិមានសន្តិភាព
។
ឆ្លៀតនាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានថា យើងបានបង្កើតអនុគណៈកម្មការ ដើម្បីដឹកនាំអនុវត្តច្បាប់រួចហើយ ចំពោះអ្នកដែលបំពានវិធានសុខាភិបាល ល្មើសបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ត្រូវមានទោសទណ្ឌ ដូចជាការផាកពិន័យ តិចឬច្រើន នឹងឈានទៅផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ
។
សម្តេចតេជោ បញ្ជាក់ទៀតថា ការជួបជុំគ្នាដោយខុសនឹងវិធានសុខាភិបាល ត្រូវតែផាកពិន័យ និងផ្តន្ទាទោសតាមច្បាប់ ពីព្រោះបើសិនជាគោរពសិទ្ធិបុគ្គលម្នាក់ វានឹងធ្វើឲ្យប៉ះពាល់ ការឆ្លងរាលដាល និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ដល់មនុស្សជាច្រើននាក់
។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមទៀតថា យើងមិនអាចបញ្ចប់បានទេក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ហើយបរិបទនេះ យើងត្រូវរៀនរស់ជាមួយនឹងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ជាប្រចាំ៕