ភ្នំពេញ៖ ថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១
។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចនឹងចេញទៅទទួលការមកដល់នៃវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៤១៥ ០០០ ដូស ដែលជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនឹងមកដល់នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១ខាងមុខ
។
ក្នុងសន្និសីទសារព័ត៌មានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កន្លងទៅនេះមានការធ្វើអត្ថាធិប្បាយថា វ៉ាក់សាំងចិនមកដល់ខ្ញុំចេញទទួល វ៉ាក់សាំងជប៉ុនមកដល់ខ្ញុំចេញទទួល វ៉ាក់សាំងដែលជាជំនួយតាមយន្តការ COVAX កាលពីខែមីនា ខ្ញុំមិនចេញទទួល ហើយថ្ងៃមុននេះពេលវ៉ាក់សាំងរបស់សហរដ្ឋអាមេរិកមកដល់ក៏ខ្ញុំមិនចេញទទួលដែរ។ សម្ដេចតេជោបានថ្លែង បញ្ជាក់ថា “ខ្ញុំទៅទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ តែវ៉ាក់សាំងជំនួយទ្វេភាគីទេ។ ដូច្នេះប៉ុន្មានថ្ងៃខាងមុខ គឺនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ វ៉ាក់សាំងដែលជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេសមកដល់ ខ្ញុំនឹងចេញទៅទទួល ប៉ុន្តែបើមកតាមក្រខ័ណ្ឌ COVAX ដែល COVAX ជាអង្គការពហុភាគី ដែលកម្ពុជាក៏ជាសមាជិករបស់ COVAXដែរ ខ្ញុំមិនចេញទៅទទួលនោះទេ គឺខ្ញុំឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលចេញទទួល”។ «ដូច្នេះខ្ញុំសូមបញ្ជាក់ កុំឱ្យថា ខ្ញុំមានការរើសអើង គឺខ្ញុំគ្មានការរើសអើងនោះទេ បើផ្ដល់ជំនួយទ្វភាគីខ្ញុំចេញ តែបើមកតាមពហុភាគី គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាលជាអ្នកចេញទៅទទួល គឺគ្រប់គ្រាន់ហើយ»។ សម្ដេចតេជោបានថ្លែងឱ្យដឹងទៀតថា ការចាក់វ៉ាសាំងនៅកម្ពុជាបានលឿន ដោយសារយើងមានប្រភពផ្គត់ផ្គង់វ៉ាក់សាំងច្បាស់លាស់ គឺយកចិនជាបង្អែកយុទ្ធសាស្ត្រ ឯប្រភពផ្សេងទៀតគឺជាប្រភពគាំទ្រ។ ព្រោះកម្ពុជា សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងរបស់ចិនគឺងាយ ដោយសារការថែទាំរក្សាទុកវ៉ាក់សាំង ស្ថិនៅក្នុងសីតុណ្ហភាព ២អង្សាក្រោមសូន្យ ចម្ងាយរយៈពេលនៃការដឹកជញ្ជូនមានរយៈពេលខ្លី។ ពិតហើយ កម្ពុជាអរគុណចំពោះរដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលបានសន្យាផ្ដល់វ៉ាក់សាំង បើទោះបីជាមិនទាន់បានមកដល់។ កម្ពុជាមិនទាត់ចោលជំនួយពីប្រទេសណា ឬប្រភពផ្គត់ផ្គង់ពីប្រទេសណានោះទេ
។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបន្ថែមថា កត្តាមួយទៀត ដែលជំរុញឱ្យការចាក់វ៉ាក់សាំងនៅកម្ពុជាបានលឿន ដោយសារយើងមានសាច់ប្រាក់ដែលអាចទូទាត់បានភ្លាមៗ នៅពេលដែលយើងចុះកិច្ចសន្យាទិញវ៉ាក់សាំង និងមានធនធានមនុស្សសម្រាប់ដំណើរការចាក់វ៉ាក់សាំងគ្រប់គ្រាន់ ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីប្រជាជនផងដែរ
។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា បើគិតរួមទាំងការមកដល់នៃវ៉ាក់សាំងដែលជាការបញ្ជាទិញ និងជំនួយនៅក្នុងខែសីហានេះ កម្ពុជានឹងមានវ៉ាក់សាំងសរុប ចំនួន២៦,៥លានដូស៕