ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ សុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១
។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន ៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន២៣ ដោយមានការចូលរួមពី រដ្ឋលេខាធិការ, អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការ, អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណជា ១១០រូប
។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខបថា គិតចាប់ឆ្នាំ២០១៩មក សម្តេចក្រឡាហោម ស ខេង បានផ្តល់អំណោយដ៏ថ្លៃថ្លានូវរថយន្ត Pick-Up ចំនួន៤លើក សរុប១៥៨គ្រឿង ជូនដល់អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិរួមកហើយ
។
ឯកឧត្តម បានបន្ថែមថា ដោយហេតុថា អធិការដ្ឋាននគរបាលក្រុង-ស្រុកចំនួន៨៧ទៀត នៅពុំទាន់ទទួលបានរថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោមនៅឡើយ ទើបព្រឹកនេះ សម្តេចក្រឡាហោម បានផ្ដល់រថយន្តម៉ាក Ford Ranger Pick-UP XLT 3.2L ចំនួន៨៧គ្រឿងបន្ថែមទៀត ដើម្បីបង្គ្រប់ជូនដល់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៨៧ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន២៣ដែលមិនទាន់ទទួលបានរថយន្ត
។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្ដាំផ្ញើ និងណែនាំដល់ស្នងការដ្ឋាននគរបាលខេត្តថា ត្រូវប្រើប្រាស់រថយន្ដនេះឱ្យត្រឹមត្រូវបំផុត និងថែទាំរថយន្ដឱ្យប្រើប្រាស់យូរ អង្វែង ក្នុងការបំពេញបេសកម្មជូនប្រជាពលរដ្ឋ។ សម្ដេច បានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ដល់កម្លាំងនគរបាលជាតិ
។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ក៏បានសង្កេតឃើញថា អ្នកចូលរួមកម្មវិធីទទួលរថយន្ដនាពេលនេះ បានគោរពអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលយ៉ាងត្រឹមត្រូវបំផុត។ សម្ដេច បន្ដថា បញ្ហានេះដោយសារមានចាំបាច់ក្នុងការផ្ដល់សេវាធារណៈជូនប្រជាពលរដ្ឋទូទាំងប្រទេស ដូច្នេះហើយទើប សម្ដេចសម្រេចរៀបចំពិធីប្រគល់រថយន្ដ ជូនស្នងការដ្ឋាននគរបាលខេត្តនាពេលនេះ ដើម្បីឱ្យសមត្ថកិច្ចយកទៅបំពេញការងាររបស់ខ្លួន ជាពិសេសនោះបម្រើប្រជាពលរដ្ឋ
។
សម្ដេចក្រឡាហោម បានកោតសសើរចំពោះកម្លាំងនគរបាលជាតិទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ សម្ដេច ក៏បានចូលរួមរំលែកទុក្ខចំពោះកម្លាំងនគរបាល បានពលីជីវិតក្នុងបេសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ ក៏ដូចជា ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពមន្ដ្រីរាជការស៊ីវិល នៃក្រសួងមហាផ្ទៃដែលទទួលមរណៈ ភាពដោយជំងឺកូវីដ-១៩
។
សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្នជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយទេទាំងនៅប្រទេសកម្ពុជា និងពិភពលោក ដូច្នេះ កម្លាំងនគរបាលជាតិទាំងបន្ដចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩បន្ថែមទៀត៕