ខេត្តកណ្តាល៖ព្រឹកថ្ងៃចន្ទ១កើត ខែស្រាពណ៍ពត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១
។
ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃំុ សង្កាត់ ខេត្តកណ្តាល ដែលដឹកនាំដោយលោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ-សង្កាត់ បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ ៧៥គ្រួសារដែលមានជីវភាពខ្វះខាត និងបានរងផលប៉ះពាល់ពីការឆ្លងរីករាលដាលដោយជម្ងឺកូវីដ-១៩
។
ក្នុងពិធីចែកអំណោយនេះដែរលោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សា មានប្រសាសន៍ថា ដោយមើលឃើញពីការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសជនចាស់ជរា ជនគ្មានទីពឹង ស្រ្តីមេម៉ាយ ដែលទទួលរងនូវផលប៉ះពាល់ដោយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ-សង្កាត់ បានកៀងគរនៅអំណោយមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋបានមួយគ្រា
។
លោកប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេត្តកណ្ដាល បានបន្តថា ចំពោះការចែកអំណោយជូនប្រជាពលរដ្ឋ ដែលជាជនក្រីក្រ ជនចាស់ជរា ជនគ្មានទីពឹង ស្រ្តីមេម៉ាយ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ គឺចែកជូនប្រជាពលរដ្ឋចំនួន ២ស្រុក ក្នុងនោះស្រុកអង្គស្នួល និងស្រុកស្អាង ខេត្តកណ្ដាល
។
បន្ថែមពីនេះផងដែរ លោកប្រធានសមាគម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការការពារជំងឺកូវីដ-១៩ គឺ ៣កុំ និង៣ការពារ ឲ្យបានជាប់ជាប្រចាំ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លង ក្នុងគោលបំណងឈានទៅដល់ការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឲ្យបាននាពេលខាងមុខផងដែរ
។
សូមបញ្ជាក់ថា អំណោយដែលសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ-សង្កាត់ ចែកជូនប្រជាពលរដ្ឋ ចំនួន ៧៥គ្រួសារ ក្នុងឃុំចំនួន ៥ មានឃុំស្វាយប្រទោល ឃុំព្រែកគយ ឃុំកោះខ្សាច់ទន្លា ឃុំខ្ពប់ និងឃុំព្រែកអំបិល ដែលក្នុងមួយឃុំមាន ១៥គ្រួសារ ហើយក្នុងមួយគ្រួសារទទួលបាន អង្ករផ្ការខ្ញី ២៥គីឡូក្រាម ត្រីខ ២ យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ប្រេងឆា ១ដប ស្ករស ២គីឡូក្រាម អំបិល ២គីឡូក្រាម សាប៊ូprotex ៤ដុំតូច ម៉ាស ១ប្រអប់ និងថវិកា ១ម៉ឺនរៀល ។