ភ្នំពេញ៖នារសៀលថ្ងៃ អាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១
។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំង សាលារាជធានីភ្នំពេញ និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ជួយផ្សព្វផ្សាយឱ្យបានច្រើននូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាប និងនាំគ្នាទៅចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា
។
ការចេញសារអំពាវនាវរបស់សម្តេច បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងប្រជាពលរដ្ឋម្នាក់ ដែលបានសាកសួររកទីតាំងចាក់វ៉ាក់សាំងក្នុងរាជធានីភ្នំពេញ
។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «គេកំពុងចាក់រាល់ថ្ងៃតាមមន្ទីរពេទ្យរដ្ឋសម្រាប់បងប្អូនដែលមិនទាន់បានចាក់។ សាកសួរគេទៅដឹងហើយ។ សូមឱ្យក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំង សាលារាជធានីភ្នំពេញ និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ជួយផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាប និងនាំគ្នាទៅចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា»
។
សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ នៅពេលថ្មីៗនេះ បានបើកកន្លែងចាក់វ៉ាក់សាំងចំនួន៣កន្លែង សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់។ ទីតាំងទាំង៣នោះរួមមាន មន្ទីរពេទ្យព្រះអង្គឌួង មជ្ឈមណ្ឌលគាំពារសុខភាពមាតា និងទារក និងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
។
នេះជាការបើកឱកាសលើកទី២ហើយ ជូនដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងក្នុងព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ដែលបានធ្វើឡើងតាំងពីខែឧសភាមកនោះ៕