នៅថ្ងៃ អង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១
។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩
។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមនេប៉ាល់ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសនេប៉ាល់
។
ដោយឡែក កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមវៀតណាម តាមរយៈ ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមផងដែរ
។
តាមរយៈសកម្មភាពទាំងនេះ គឺបានស្តែងឱ្យឃើញនូវសមានចិត្ត និងទឹកចិត្តប្រកបដោយមេត្តាធម៌របស់សមាគមជាតិកាកបាទក្រហមកម្ពុជា ជាមួយមនុស្សជាតិទាំងអស់នៅលើពិភពលោក ដើម្បីរំលែកការលំបាកទាំងឡាយ៕