ស្វាយរៀង៖ នៅថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១
។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញអមដំណើរលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ប្រគល់ផ្លែមៀន (តាង៉ែន) ចំនួន១០តោន ជូនដល់ ក្រុង-ស្រុកទាំង៨ មន្ទីរពេទ្យខេត្តស្វាយរៀង កងម្លាំងទាំងបីប្រភេទ និងមន្ទីរនានាមួយចំនួនទៀតក្នុងខេត្ត
។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ការប្រគល់នូវផ្លែមៀន (តាង៉ែន) នេះគឺស្របតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស ដើម្បីចូលរួមដោះស្រាយជូនប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ
។
លោកស្រី ក៏បានបន្តទៀតថា បើទោះបីជាស្ថានភាពឆ្លងក្នុងមួយរយៈពេល ចុងក្រោយនេះបានធ្លាក់ចុះយ៉ាងណាក៏ដោយ លោកជំទាវបានស្នើរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តតាម វិធានការណ៍របស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ឲ្យមានប្រសិទ្ធភាពខ្ពស់
។
សូមបញ្ជាក់ថា ប្រជាកសិករមួយចំនួន បានត្អូញត្អែរអំពីការពិបាក នៅក្នុងការលក់កសិផលរបស់ខ្លួន ជាពិសេស ផ្លែមៀន និងតាង៉ែនតែម្ដង ដែលដល់ពេលប្រមូលផលហើយ មិនអាចលក់ចេញបាន ដោយសារតែប្រទេសថៃ បានបិទមិនឲ្យនាំចូល ខណៈប្រទេសនេះ កំពុងរងការរាតត្បាត នៃជំងឺកូវីដ-១៩៕