ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃ ពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១
។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្ដែងនូវការស្វាគមន៍ ចំពោះ លោកបណ្ឌិត ញ៉ សាញ្ញេ អនុប្រធានសកលវិទ្យាល័យកម្ពុជា ព្រមទាំងសហការី និងបានផ្ដល់ជាថវិកាដល់សកលវិទ្យាល័យកម្ពុជា ដើម្បីអោយ និសិត្សទទួលបាននូវអាហារូបករណ៍ ក្នុងការបន្តការសិក្សាបន្តទៀត
។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា យុវជននាពេលបច្ចុប្បន្ននេះ ពិតជាមានសំណាងណាស់ ដែលមានឱកាស ពេញលេញ និងសម្បូរបែបទទួលបាននូវការសិក្សា អប់រំគ្រប់ទីកន្លែងដូច្នេះតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្រេចបានជូនជាតិមាតុភូមិ ពិតជាមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យយុវជនជំនាន់ ក្រោយត្រូវរួមគ្នាការពារ និងថែរក្សាឲ្យបានគង់វង្ស
។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា ការវិនិយោគលើចំណេះដឹង គឺជាការវិនិយោគដ៏ល្អបំផុត មានចំណេះដឹងពិតប្រាកដ នោះមិនអាចមានកណ្ដៀរមកកោរ រឺកណ្តុលមកកាត់បាននោះទេ
។
លោកបណ្ឌិត ញ៉ សាញ្ញេ អនុប្រធានសកលវិទ្យាល័យកម្ពុជា បានថ្លែងអំណរគុណ ចំពោះការចូលរួមជាមួយសកលវិទ្យាល័យកម្ពុជា ក្នុងការផ្ដល់នូវអាហារូបករណ៍ដល់សិស្សានុសិស្ស បានបន្តការសិក្សានៅសកលវិទ្យាល័យ
។
លោកបណ្ឌិតអនុប្រធានសកលវិទ្យាល័យ បានបន្តថា សាកលវិទ្យាល័យកម្ពុជា បានទទួលការជួយផ្ដល់ជាអាហារូបករណ៍ដល់សិស្សជាច្រើនទូទាំងប្រទេស ដើម្បីអោយសិស្សបានទទួលការសិក្សាបន្ថែម រួមនឹងទទួលបាននូវចំណេះដឹង ងាយស្រួលក្នុងអភិវឌ្ឍន៍ប្រទេសជាតិ និងបង្កើនបាននូវធនធានមនុស្សបន្ថែមសម្រាប់ប្រទេសជាតិ
។
សូមបញ្ជាក់ថា សាកលវិទ្យាល័យកម្ពុជា បានទទួលថវិកាពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចំនួន ៤០លានរៀល សម្រាប់ផ្ដល់ជាអាហារូបករណ៍ដល់សិស្សានុសិស្ស ក្នុងការសិក្សានៅសកលវិទ្យាល័យកម្ពុជា ។