ភ្នំពេញ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ខែសីហាឆ្នាំ២០២១
។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជា បានចាត់ឱ្យលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារ នាំអំណោយជាផ្លែមៀន មី ម៉ាស់និងអាល់កុលឬជែល មួយចំនួន ប្រគល់ជូនអ្នកធាក់ស៊ីក្លូចំនួន៣០០នាក់ យកទៅហូបចុកនិងការពារខ្លួនពីការរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺកាចសាហាវនេះ នៅតែបន្តរីករាលដាលនៅឡើយ
។
ថ្លែងក្នុងការផ្ដល់ជូនផ្លែមៀននិងសម្ភារមួយចំនួនពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានមានប្រសាសន៍ឱ្យដឹងថា បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់នេះ ក្នុងម្នាក់ៗ ទទួលបានផ្លែមៀន ចំនួន២គីឡូក្រាម មី១កេស ម៉ាស់ចំនួន២ប្រអប់និងអាល់កុលឬជែល២ដប ដើម្បីយកទៅប្រើប្រាស់ ការពារខ្លួន ពីជំងឺកូវីដ-១៩
។
លោកបានបញ្ជាក់ផងដែរថា បងប្អូនអ្នកធាក់ស៊ីក្លូទាំង ៣០០នាក់ តែងទទួលបានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា និងឯកឧត្តម ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជានិងជាអភិបាលរាជធានីភ្នំពេញ ។ ក្រោមការយកចិត្តទុកដាក់របស់សម្ដេចតេជោនិងឯកឧត្តមអភិបាលរាជធានីភ្នំពេញនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ តែងទទួលបាន ការឧបត្ថម្ភពីមូលនិធិ ក្នុងមួយថ្ងៃទទួលបានទឹកប្រាក់ចំនួន៧០០០រៀល ស្មើនឹង២១ម៉ឺនរៀលក្នុងមួយខែ។ បន្ថែមពីលើនេះ មូលនិធិ ក៏តែងតែបានជួយឧបត្ថម្ភ ជាម៉ាស់ អាល់កុលឬជែល និងសម្ភារមួយចំនួនថែមទៀត ជាមួយនិងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារ ទប់ស្កាត់ជំងឺកូវី-១៩ផងដែរ ។ បន្ថែមពីនេះទៀតបងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ ក៏ទទួលបាន ប័ណ្ណក្រីក្រ ប ស ស សម្រាប់ការ ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានារបស់រដ្ឋដោយមិនអស់លុយផងដែរ
។
លោកម៉េត មាសភក្តី ក៏បានបញ្ជាក់ផងដែរថា ចំពោះថវិកាដែលត្រូវបើកជូនបងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់នេះ គឺយើងបានរៀបចំ ដោយផ្ញើ ថវិកាទាំងនេះតាមប្រព័ន្ធផ្ញើលុយវីង ដើម្បីបង្កភាពងាយស្រួលឱ្យពួកគាត់ក្នុងការបើកថវិកាទាំងនេះបានស្រួល ដោយក្នុង១០ថ្ងៃ ពួកគាត់ អាចបើកបាន១ដង៕