ខេត្តកណ្តាល៖នៅរសៀលថ្ងៃ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១
។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
បានជួបសំណេះសំណាល និងទទួលអំណោយពីលោក តាំង ឃីឡុង និង លោកស្រី ជា លីណា ដែលបាននាំយកថវិកាចំនួន ៥ ០០០ដុល្លារអាម៉េរិក ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមក្នុងសកម្មភាពការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល
។
ក្នុងពិធីប្រគល់ និងទទួលអំណោយនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់លោក តាំង ឃីឡុង និង លោកស្រី ជា លីណា ដែលបាននាំយកអំណោយជាថវិកា មកឧបត្ថម្ភដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីប្រើប្រាស់បម្រើឱ្យការងារ ប្រយុទ្ធប្រឆាំង និងការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល
។
ឯកឧត្តមអភិបាលខេត្ត បានចាត់ទុកថា កាយវិការមនុស្សធម៌របស់លោក លោកស្រី នៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និង ជាការជួយទាន់ពេលវេលា និងចំគោលដៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ។ អំណោយជាថវិកានេះគឺពិតជាមានតម្លៃ និងសារៈសំខាន់ខ្លាំងណាស់ ស្របពេលដែលរដ្ឋបាលខេត្តកំពុងតែត្រូវការជាចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំង បង្ការ ការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩នៅក្នុងខេត្ត ហើយសម្រាប់អំណោយទាំងអស់នេះ រដ្ឋបាលខេត្ត នឹងធ្វើការបែងចែកតាមគោលដៅ ដែលធ្វើការងារពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ទាំងអស់
។
ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានជូនពរដល់លោក តាំង ឃីឡុង និង លោកស្រី ជា លីណា សូមមានសេចក្ដីសុខគ្រប់ប្រការ និង ចៀសផុតពីជំងឺកូវីដ-១៩គ្រប់ក្រុមគ្រួសារ ហើយរដ្ឋបាលខេត្ត មានសេចក្តីរីករាយ និងស្វាគមន៍ជានិច្ចចំពោះការចូលរួមជួយគាំទ្របន្ថែមទៀតពីសប្បុរសជននានាផងដែរ៕