កំពង់ធំ៖នាល្ងាចថ្ងៃ ចន្ទ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០២១
។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជំនួបពិភាក្សាការងារ អំពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងខេត្តកំពង់ធំ ជាមួយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អៃលេន (LI Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា នៅសាលាខេត្តកំពង់ធំ
។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបានគាំទ្រពេញទំហឹង នូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ប្រព្រឹត្តិទៅបានរលូន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
។
លើសពីនេះទៀតលោកជំទាវក៏បានជំរុញដល់អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់នៃការធ្វើចត្តាឡីស័ករបស់បងប្អូនប្រជាពលរដ្ឋដែលមានការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ការថែទាំសុខភាព ការរស់នៅតាមបែបកន្លងថ្មី ជាមួយកូវីដ-១៩ និងចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចំពោះខេត្តកំពង់ធំលោកតាលោកយាយដែលមានអាយុចាប់ពី ១០០ឆ្នាំឡើងដែលមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន១៨នាក់ បានទទួលអំណោយពីសម្តេចតេជោហ៊ុន សែន និងសម្តេចតិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែនឹករលឹកនិងយកចិត្តទុកដាក់បំផុតដល់សុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសនិងគ្រប់ស្ថានភាពទាំងអស់
។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានមតិស្វាគមន៍នៃការធ្វើដំណើរបេសកកម្មរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អៃលេន LI Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ដែលបានចុះមកបំពេញបេសកកម្មនៅក្នុងខេត្តកំពង់ធំនៅពេលនេះ។ ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ ក៏បានជម្រាបដល់ប្រតិភូទាំងអស់ ចំពោះដំណើរការ នៃការចាក់វ៉ាក់សាំងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ប្រព្រឹត្តទៅបានរលូន ទៅមុខយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ពិសេសគឺដូសជំរុញ។គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ ញូស៍